(ប៉េកាំង)៖ ទីក្រុងប៉េកាំងនាថ្ងៃសុក្រនេះ បានប្រកាសថា ចិននឹងដំឡើងពន្ធបន្ថែមលើទំនិញរបស់អាមេរិក ដែលមានទំហំប្រមាណ ៧៥ពាន់លានដុល្លារ ជាការឆ្លើយតបចំពោះផែនការដំឡើងពន្ធថ្មីរបស់ទីក្រុងវ៉ាស៊ីនតោន មកលើទំនិញចិន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៩។

ក្រោមចំណាត់ការខាងលើ ផលិតផលអាមេរិកថ្មីសរុប៥,០៧៨មុខ នឹងត្រូវដំឡើងពន្ធបន្ថែម។ ការដំឡើងពន្ធនេះ នឹងត្រូវអនុវត្ត ជា០២កញ្ចប់ដាច់ដោយឡែកពីគ្នា។ សម្រាប់មុខទំនិញអាមេរិក ដែលស្ថិតក្នុងកញ្ចប់ទីមួយ នឹងត្រូវដំឡើងពន្ធនៅថ្ងៃទី០១ ខែកញ្ញា ក្នុងអត្រា១០ភាគរយ ខណៈការដំឡើងពន្ធលើទំនិញអាមេរិក ដែលស្ថិតក្នុងកញ្ចប់ទីពីរ នឹងអនុវត្តនៅថ្ងៃទី១៥ ខែធ្នូ ក្នុងអត្រា០៥ភាគរយ។ ទន្ទឹមនឹងនេះ ចិនក៏បានសម្រេចបន្តឡើងវិញនូវ គម្រោងដំឡើងពន្ធ២៥ភាគរយលើរថយន្តអាមេរិក និង០៥ភាគរយលើគ្រឿងបន្លាស់ថែមទៀតផង នៅថ្ងៃទី១៥ ខែធ្នូ បន្ទាប់ពីគម្រោងនេះត្រូវបានផ្អាកមួយរយៈ។

ទីក្រុងប៉េកាំងបានសម្រេចចេញវិធានការឆ្លើយតបបែបនេះ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានប្រកាសកាលពីថ្ងៃទី១៥ ខែសីហា ថា នឹងដំឡើងពន្ធបន្ថែម១០ភាគរយលើទំនិញចិនមានតម្លៃ៣០០ពាន់លានដុល្លារ ហើយការអនុវត្តត្រូវបានចែកចេញពី០២កញ្ចប់ ដូចចំណាត់ការរបស់ចិនដែរ គឺមួយនៅថ្ងៃទី០១ កញ្ញាខាងមុខនេះ និងមួយទៀតនៅថ្ងៃទី១៥ ខែធ្នូ។ កាលពីខែឧសភាកន្លងទៅ អាមេរិកក៏បានដំឡើងពន្ធពី១០ភាគរយដល់២៥ភាគរយ លើផលិតផលចិនទំហំ២០០ពាន់លានដុល្លារផងដែរ។

គួរជម្រាបថា យ៉ាងណាក្តី ក្រុមមន្រ្តីអាមេរិកនិងចិន នឹងត្រូវជួបពិភាក្សាគ្នាជាថ្មីម្តងទៀត ក្នុងខែកញ្ញាខាងមុខ ដើម្បីព្យាយាមស្វែង រកដំណោះស្រាយសំដៅបញ្ចប់សង្រ្គាមពាណិជ្ជកម្មក៏ដូចជាសង្រ្គាមដំឡើងពន្ធដ៏តានតឹង រវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរនេះ៕