(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គែង ហ្ស័ង (Geng Shuang) បានឲ្យដឹងនៅថ្ងៃពុធនេះថា ក្រុងប៉េកាំងប្រឆាំងជំទាស់យ៉ាងដាច់ខាត ទៅនឹងការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ចំពោះការអនុម័តលក់អាវុធទៅឲ្យកោះតៃវ៉ាន់ ហើយចិននឹងដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកណា ដែលផ្គត់ផ្គង់អាវុធដល់កោះនោះថែមទៀត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃពុធ ទី ២១ ខែសីហា ឆ្នាំ ២០១៩។

អ្នកនាំពាក្យចិនបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសចិនថ្កោលទោស ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកបែបនេះ។ យើងបានធ្វើការជំទាស់ យ៉ាងខ្លាំងក្លាទៅកាន់ភាគីអាមេរិករួចហើយ ថែមទាំងបានអំពាវនាវដល់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ឲ្យទទួលស្គាល់យ៉ាងពេញលេញពីគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ដែលអាចកើតឡើងពីការលក់អាវុធទៅឲ្យកោះតៃវ៉ាន់ផងដែរ»

សេចក្តីថ្លែងការណ៍ខាងលើនេះ ត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹង ការយល់ព្រមរបស់មន្ទីរប៉ង់តាហ្គោន លើការលក់យន្ដហោះចម្បាំង F-16V ជំនាន់ចុងក្រោយចំនួន ៦៦គ្រឿងក្នុងតម្លៃជាង ៨ពាន់លានដុល្លារទៅឲ្យកោះតៃវ៉ាន់។

កាលពីខែកក្កដាកន្លងទៅនេះ ក្រុងប៉េកាំងបានព្រមានរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ចំពោះការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កោះតៃវ៉ាន់ និងបានទាមទារឲ្យសហរដ្ឋអាមេរិក បញ្ឈប់រាល់ទំនាក់ទំនងផ្លូវការ និងយោធារវាងទីក្រុងវ៉ាស៊ីនតោន និងតៃប៉ិ ប៉ុន្តែក្រុងវ៉ាស៊ីនតោនដូចជានៅតែធ្វើមិនដឹងមិនលឺ ចំពោះការព្រមាននេះដដែល។

គួរជម្រាបថា ប្រទេសចិនបានផ្តាច់ចំណងទាក់ទងជាផ្លូវការ ជាមួយកោះតៃវ៉ាន់នាឆ្នាំ១៩៤៩ នៅពេលដែលកោះនេះបានប្រកាសឯកពីចិន ខណៈចិនដីគោក និងតៃវ៉ាន់បានបង្កើតទំនាក់ទំនងការទូតឡើងវិញនៅចុងទសវត្សរ៍ ១៩៨០ ។ ដោយឡែក ប្រទេសចិនបានស្តីបន្ទោសសហរដ្ឋអាមេរិកម្តងហើយម្តងទៀត ចំពោះការប៉ុនប៉ងផ្តល់ជំនួយយោធាដល់កោះនេះ។ អ្វីដែលពិភពលោក និងរួមទាំងសហរដ្ឋអាមេរិកបានទទួលស្គាល់ជាផ្លូវការនោះ គឺតៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ចិនប៉ុណ្ណោះ៕