(ប៉េកាំង)៖ អាពាហ៍ពិពាហ៍រវាងមនុស្សប្រុស និងមនុស្សស្រី នឹងនៅតែទទួលបានភាពស្របច្បាប់ ហើយការរៀបការរវាងមនុស្សមានភេទដូចគ្នា នឹងមិនត្រូវបានផ្ដល់ភាពស្របច្បាប់ឡើយនៅក្នុងប្រទេសចិន។ នេះបើតាមអ្នកនាំពាក្យសភាប្រជាជនចិន ដកស្រង់ផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩។

ការលើកឡើងខាងលើរបស់អ្នកនាំពាក្យសភាប្រជាជនចិន លោក ហ្សាង ទាវៃ (Zang Tiewei) ធ្វើឡើងនៅពេលត្រូវបានអ្នកសារព័ត៌មានសួរថា តើអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នាក្នុងប្រទេសចិន នឹងទទួលបានភាពស្របច្បាប់ដែរឬទេ? ឆ្លើយតបនឹងសំណួនេះ លោក Tiewei បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ច្បាប់របស់ចិនអនុញ្ញាតតែអាពាហ៍ពិពាហ៍រវាងមនុស្សប្រុស និងមនុស្សស្រីតែប៉ុណ្ណោះ... ហើយការអនុវត្តបែបនេះគឺជាលក្ខខណ្ឌជាតិ, ប្រវត្តិសាស្ត្រ និងប្រពៃណីវប្បធម៌ជាតិរបស់ចិន។ ម្យ៉ាងវិញទៀត តាមដែលខ្ញុំដឹងប្រទេសភាគច្រើននៅលើពិភពលោក ក៏មិនបានផ្ដល់ភាពស្របច្បាប់ដល់ អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នានោះដែរ»

គួរបញ្ជាក់ថា តៃវ៉ាន់ដែលត្រូវបានទទួលស្គាល់ថា ត្រឹមតែជាខេត្តមួយរបស់ចិននោះ កាលពីខែឧសភាកន្លងទៅនេះបានអនុម័ត លើច្បាប់មួយដោយអនុញ្ញាតឱ្យអ្នកស្រឡាញ់ភេទដូចគ្នា អាចរៀបការជាមួយគ្នាដោយស្របច្បាប់។ ដោយឡែកប្រទេសចិនមិនបានទទួលស្គាល់ច្បាប់នេះទេ ប៉ុន្តែនៅក្នុងប្រទេសចិន ក៏មិនមានច្បាប់ប្រឆាំងអ្នកស្រឡាញ់ភេទដូចគ្នាដែរ៕