(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោក Mike Pence នាថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសឲ្យដឹងថា ទីបញ្ជាការយោធាថ្មី​ផ្នែកអវកាសនឹងលេចរូបរាងឡើងនៅសប្តាហ៍ក្រោយនេះហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩។

លោក Pence បានប្រាប់ពីដំណឹងនេះ ក្នុងកិច្ចប្រជុំមួយនៃក្រុមប្រឹក្សាជាតិផ្នែកអវកាសរបស់សហរដ្ឋអាមេរិក។ ទីបញ្ជាការយោធា​អវកាសនេះ នឹងទទូលបន្ទុកលើប្រតិបត្តិការការពារជាតិពាក់ព័ន្ធទីអវកាស ហើយវានឹងជាទីបញ្ជាការយោធាទី១១របស់អាមេរិក រួមជាមួយទីបញ្ជាការយោធាជាច្រើនទៀត ដែលទទួលបន្ទុកបម្រើមុខងារ និងបន្ទុកប្រចាំតំបន់ភូមិសាស្រ្តជាក់លាក់ណាមួយ។

ពិធីដាក់ឲ្យដំណើរការទីបញ្ជាការខាងលើ នឹងប្រារព្ធឡើងនៅថ្ងៃទី២៩ ខែសីហា គឺថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ ហើយវានឹងមាន​​មន្រ្តីបម្រើការសរុបចំនួន៨៧នាក់ នៅក្រោមការទទួលខុសត្រូវរបស់លោក John Raymond ដែលបច្ចុប្បន្នជាប្រធានទទួលបន្ទុក​​ប្រតិបត្តិការផ្នែកអវកាសនៅក្នុងកងទ័ពអាកាសអាមេរិក។

គួរជម្រាបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីបំណងបង្កើត «កងទ័ពអវកាស» ក្នុងជួរយោធា​អាមេរិក កាលពីឆ្នាំ២០១៨ ហើយលោកបានដាក់ចេញគំនិតនេះជាផ្លូវការ កាលពីខែកុម្ភៈ ឆ្នាំ២០១៩នេះ តាមរយៈការចេញបញ្ជាបង្គាប់ឲ្យ​ក្រសួង​ការពារជាតិអាមេរិក រៀបចំបង្កើតកងទ័ពអវកាស ដែលនឹងក្លាយជាកម្លាំងយោធាថ្មីសន្លាងរបស់អាមេរិក រួមជាមួយកងទ័ព​ជើងគោក កងទ័ពជើងទឹក កងទ័ពអាកាស កងម៉ារីន និងកងល្បាតដែនសមុទ្រ។

យ៉ាងណាមិញ «ទីបញ្ជាការអវកាស» និង «កងទ័ពអវកាស» របស់អាមេរិកនេះ គឺជាស្ថាប័នពីរដាច់ដោយឡែកពីរគ្នា ដែលភាពខុសគ្នា​នៃ​ស្ថាប័នទាំងពីរ គឺស្រដៀងនឹងអ្វីដែលខុសគ្នារវាងកងទ័ព០៥ផ្នែកទៀត ហើយនិងទីបញ្ជាការយោធាចំនួន០៤ទៀត ដែលទទួល​បន្ទុកមុខងារពិសេសៗដូច្នោះដែរ។ ទោះជាបែបនេះក្តី ទីបញ្ជាការយោធាផ្នែកអវកាសនេះ អាចចាត់ទុកបានថា ការបោះជំហានចាប់ផ្តើមដំបូង ដើម្បីឆ្ពោះទៅរកការបង្កើតកងទ័ពអវកាស របស់សហរដ្ឋអាមេរិកនៅឆ្នាំ២០២០ខាងមុខ៕