(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលុបចោលដំណើរទស្សនកិច្ច ផ្លូវរដ្ឋទៅកាន់ប្រទេសដាណឺម៉ាកហើយ បន្ទាប់ពីនាយករដ្ឋមន្ត្រីដាណឺម៉ាកផ្ទាល់អះអាងថាដែនដី Greenland មិនមែនទុកសម្រាប់លក់ឱ្យអាមេរិកនោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩។

តាមការគ្រោងទុក លោក ដូណាល់ ត្រាំ ត្រូវធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសដាណឺម៉ាក នៅថ្ងៃទី០២ ខែកញ្ញាខាងមុខនេះ តបតាមការអញ្ជើញពីម្ចាស់ក្សត្រី Margrethe II។ ប៉ុន្តែ កាលពីសប្ដាហ៍មុន ប្រធានាធិបតីអាមេរិករូបនេះបានបង្ហាញពីមហិច្ឆិតាទិញ Greenland ពីដាណឺម៉ាក ជាហេតុធ្វើឱ្យអ្នកនយោបាយ និងនាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen ចាត់ទុកថាគំនិតនេះគឺជារឿងគួរឱ្យអស់សំណើច ដ្បិត Greenland មិនមែនទុក សម្រាប់លក់នោះទេ។

ដោយឡែក ថ្លែងនៅលើ Twitter នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក ដូណាល់ ត្រាំ បានបញ្ជាក់ដូច្នេះ ថា៖ «ដាណឺម៉ាក គឺជាប្រទេសមួយដ៏ពិសេសដោយមានប្រជាជនដ៏អស្ចារ្យ ប៉ុន្តែដោយសារ ការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រី លោកស្រី Mette Frederiksen ដែលថាមិនចង់ពិភាក្សា រឿងលក់ Greenland ឱ្យអាមេរិក ខ្ញុំសម្រេចចិត្តលើកពេលជំនួបរបស់ពួកយើងដែលគ្រោងនឹង ធ្វើឡើងនៅពីរសប្ដាហ៍ខាងមុខទៀតនេះ ទៅពេលក្រោយវិញ»

គួរជម្រាបថា Greenland មានទីតាំងស្ថិតចន្លោះនៅតំបន់អាត្លង់តិចខាងជើង និងមហាសមុទ្រ ទឹកកកអាក់ទិច។ កោះដ៏ធំមួយនេះមានផ្ទៃ ២.១៧លានគីឡូម៉ែត្រក្រឡា តែមានប្រជាជនរស់ នៅត្រឹម ៥៦,២០០ នាក់តែប៉ុណ្ណោះ។ ក្រៅពីផ្ទាំងទឹកកក ដែនដីមួយនេះមានធនធានធម្មជាតិ ដ៏សម្បូរបែបបំផុត ដូចជា រ៉ែដែក សំណ ស័ង្កសី ពេជ្រ មាស រ៉ែកម្រ (rare earth) អ៊ុយរ៉ាញ៉ូម និងប្រេងជាដើម៕