(កាប៊ុល)៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ របស់អាហ្វហ្គានីស្ថានបានរាយការណ៍ថា អង្គការរដ្ឋឥស្លាម (ISIS) បានប្រកាសទទួលស្គាល់ថា ការបំផ្ទុះគ្រាប់បែកអត្តឃាត កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍មុន ដែលបានផ្តាច់ជីវិតមនុស្សយ៉ាងហោចណាស់ ៦៣នាក់ និងច្រើនជាង ១៨០នាក់ផ្សេងទៀតរងរបួស គឺជាស្នាដៃរបស់បក្សពួកខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហ៊ួ នាព្រឹកថ្ងៃចន្ច ទី១៩ ខែសីហា ឆ្នាំ២០១៩។

សារព័ត៌មានខាអាម៉ា(Khaama) បានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនយ៉ាងដូច្នេះថា «ក្រុមអង្គការរដ្ឋឥស្លាមស្ថិតនៅទឹកដីអ៊ីរ៉ាក់ និងស៊ីរី ដែលហៅកាត់ថា ISIS បានអះអាងទទួលខុសត្រូវ ចំពោះការបំផ្ទុះគ្រាប់បែកដ៏សាហាវនៅភាគខាងលិចទីក្រុងកាប៊ុល ហើយថែមទាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយជាភាសាអារ៉ាប់ថា ការវាយប្រហារនេះត្រូវបានធ្វើឡើង ដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ឈ្មោះថា អាប៊ូ អាស៊ីម អាល់ប៉ាគីស្ថាន (Abu Asim Al-Pakistan)»

គួរជាម្រាបថា ការបំផ្ទុះគ្រាប់បែកអត្តឃាតដ៏សាហាវខាងលើ បានកើតឡើងនៅម៉ោង ១០៖៤០នាទីយប់ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍មុន (ម៉ោងក្នុងតំបន់) កំឡុងពិធីមង្គលការនៅឯសាលរៀបអាពាហ៍ពិពាហ៍មួយកន្លែង នៅក្នុងរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។ ក្នុងហេតុការណ៍ភេរវកម្មនេះបានសម្លាប់ជីវិតមនុស្សយ៉ាងហោច ៦៣នាក់ និងច្រើនជាង ១៨០នាក់ផ្សេងទៀតរងរបួស៕