(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃសុក្រនេះ បានអះអាងថាខ្លួននឹងមិនអង្គុយចរចាជាមួយ កូរ៉េខាងត្បូង ជាថ្មីម្ដងទៀតឡើយ ហើយដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តនេះទីក្រុងព្យុងយ៉ាង ក៏បានបាញ់សាកល្បងមីស៊ីល២គ្រាប់ជាលើកទី៦ផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩។

ការសម្ដែងការខឹងសម្បារខាងលើ ធ្វើឡើងតាមរយៈអ្នកនាំពាក្យគណៈកម្មាធិការសម្រាប់ការ បង្រួបបង្រួមជាតិដោយសន្តិភាពរបស់កូរ៉េខាងជើង និងជាការឆ្លើយតបទៅនឹងសមយុទ្ធយោធារវាង សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះ។ អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ ដូច្នេះថា៖ «យើងគ្មានអ្វីត្រូវនិយាយច្រើនជាមួយកូរ៉េខាងត្បូងទៀតទេ ហើយយើងក៏មិនចង់អង្គុយ ចរចាជាថ្មីជាមួយនឹងពួកគេដែរ»

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃសុក្រុនេះដែរ ​កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលចំនួន២គ្រាប់ បន្ថែមទៀត និងជាលើកទី៦ក្នុងរយៈពេលមិនដល់មួយខែស្រួលបួលផង។ មីស៊ីលមិនទាន់ស្គាល់ ម៉ាកនេះ ត្រូវបានបាញ់ចេញពីតំបន់មួយស្ថិតនៅក្បែរទីក្រុង Tongchon នៃខេត្ត Kangwon របស់កូរ៉េខាងជើង ឆ្ពោះទៅកាន់សមុទ្រភាគខាងកើត ឬគេស្គាល់ថាជាសមុទ្រជប៉ុន។

ម្យ៉ាងវិញទៀត ការធ្វើតេស្ដមីស៊ីលនេះទៀតសោត ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានសន្យាថានឹងខិតខំប្រឹងប្រែងបង្រួបបង្រួម ប្រទេសកូរ៉េទាំង២ នៅត្រឹមឆ្នាំ២០៤៥៕