(ហុងកុង)៖ កំពូលតារាសម្តែងភាពយន្តចិន-ហូលីវូដ និងជាគ្រូក្បាច់គុណកុងហ្វូដ៏ល្បីល្បាញលើពិភពលោក ដែលមានដើមកំណើតមកពីទីក្រុងហុងកុង គឺលោក ជែកគី ចាន់ ហៅ ឈិនឡុង បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអ្វីដែលបាន និងកំពុងតែកើតឡើង​នៅលើទឺកដីដើមកំណើតរបស់លោក នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខណៈលោកបានចូលរួមក្នុងយុទ្ធនាការគាំទ្រក្រុងប៉េកាំង ដើម្បីការពារទង់ជាតិចិននៅទឹកដីស្វយ័តចិននេះ។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មានរុស្សី RT នារសៀលថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ ២០១៩។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ចិន CCTV តារាហូលីវូទដ៏ល្បីឈ្មោះរូបនេះ បានបង្ហាញចំណាប់អារម្មណ៍ ជុំវិញបាតុកម្មតវ៉ានៅហុងកុងយ៉ាងដូច្នេះថា «វាពិតជារឿងដ៏គួរឲ្យអស់សង្ឃឹម និងព្រួយបារម្ភខ្លាំងណាស់ចំពោះអ្វីដែលកំពុងកើតឡើង​នៅលើដែនដីនៃអតីតអាណានិគមរបស់អង់គ្លេសមួយនេះ។»

ជាមួយគ្នានេះលោក ជែកគី ចាន់ ក៏បាននិយាយដែរថា លោកបានចូលរួមក្នុងយុទ្ធនាការ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមមួយ បន្ទាប់ពីក្រុមបាតុករមួយក្រុមបានយកទង់ជាតិចិន ដែលកំពុងដោតនៅលើកំពង់ផែ វីចតូរៀ (Victoria Harbor) ហើយបានបោះវាចូលទៅក្នុងទឹកសមុទ្រ និងបានយកទង់ពណ៌ក្រហម​ដែលមានសរសេរពាក្យថា «ឯករាជ្យភាពហុងកុង» មួយផ្សេងទៀតមកជំនួសវិញ កាលពីដើមខែសីហានេះ។

គួរបញ្ជាក់ថា យុទ្ធនាការរបស់លោក ឈិនឡុង ខាងលើនេះមានឈ្មោះថា «ទង់ក្រហមផ្កាយប្រាំ មានឆ្មាំការពារ ១.៤ ពាន់លាននាក់» ដែលសំដៅទៅចំនួនប្រជាជនចិនទាំងអស់ ចេញមកការងារទង់ជាតិរបស់ខ្លួន។ ដោយឡែកទង្វើរបស់បាតុករមួយចំនួនខាងលើនេះ បានបង្កឱ្យមានផ្ទុះកំហឹងយ៉ាងខ្លាំង ពីសំណាក់ប្រជាជនចិនដីគោក ខណៈអជ្ញាធរចិនសន្យាថា នឹងផ្តល់រង្វាន់ជូន ១២៧.០០០ដុល្លារអាមេរិក សម្រាប់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួនជនសង្ស័យ៕