(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានជាថ្មីម្ដងទៀតថា លោកនឹងដកសហរដ្ឋអាមេរិកចេញពី អង្គការពាណិជ្ជកម្មពិភពលោក (WTO) បើសិនជាអង្គការមួយនេះនៅតែមិនអាចដោះស្រាយបញ្ហា ដែលជាកង្វល់របស់ទីក្រុងវ៉ាស៊ីនតោនបានទេនោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រំា បានលើកឡើងនៅឯពិធីជួបជុំអ្នកគាំទ្រក្នុងទីក្រុង ភីតស៍ប៊ឺក (Pittsburgh) នៅថ្ងៃអង្គារសប្ដាហ៍នេះយ៉ាងដូច្នេះថា «យើងនឹងដកខ្លួនចេញ (ពីអង្គការពាណិជ្ជកម្មពិភពលោក) បើសិនជាពួកគេបរាជ័យ ក្នុងការដោះស្រាយបញ្ហានៃការធ្វើពាណិជ្ជកម្មមិនស្មើភាព ដែលផ្ដល់ផលប្រយោជន៍ឱ្យប្រទេសមួយចំនួន ដែលកេងចំណេញពីសហរដ្ឋអាមេរិក»

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ក៏ធ្លាប់បានបង្ហាញពីមិនពេញជាច្រើនលើកផងដែរចំពោះ អង្គការ WTO សម្រាប់ការផ្ដល់អនុគ្រោះពិសេសនានាដល់ប្រទេសមួយចំនួនដូចជា ចិន ឥណ្ឌា និងសិង្ហបុរីជាដើម ហើយដែលប្រទេសទាំងនេះទៀតសោតត្រូវបានលោក ត្រាំ ផ្ទាល់អះអាងថា សុទ្ធតែកំពុងពាក់ស្លាកប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីកេងចំណេញក្នុងការធ្វើពាណិជ្ជកម្ម ខណៈតាមពិតបច្ចុប្បន្នពួកគេសុទ្ធតែជាប្រទេសអ្នកមាន និងអភិវឌ្ឍន៍ទៅហើយនោះ៕

បើសិនអង្គការ WTO នៅតែមិនដោះស្រាយរឿង «ប្រទេសអ្នកមានពាក់ស្លាកកំពុងអភិវឌ្ឍន៍» លោក ត្រាំ នឹងដកអាមេរិកចេញពីអង្គការនេះ!