ខ្ញុំមិនយល់សោះ! ហេតុអ្វីមនុស្សមួយចំនួនថា សហរដ្ឋអាមេរិកពាក់ព័ន្ធបាតុកម្មនៅហុងកុង? នេះជាចម្ងល់លោក ដូណាល់ ត្រាំ (Video inside)
14-08-2019 10:38
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកមិនយល់ទាល់តែសោះថា តើហេតុអ្វីបានជាមនុស្សមួយចំនួនទាញភ្ជាប់សហរដ្ឋអាមេរិក ទៅនឹងបាតុកម្មតវ៉ាបច្ចុប្បន្ននៅក្នុងទីក្រុងហុងកុង? នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅព្រឹកថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩។
តាមរយៈសារមួយបង្ហោះលើ Twitter នៅល្ងាចថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «មនុស្សមួយចំនួនបន្ទោសខ្ញុំ និងសហរដ្ឋអាមេរិកថា ជាអ្នកបង្កបញ្ហានៅក្នុងទីក្រុងហុងកុង... ខ្ញុំមិនយល់ហើយមិនអាចស្រមៃបានទាល់តែសោះថា ហេតុអ្វីបានជាពួកគេយល់បែបនេះ»។
ការលើកឡើងរបស់លោក ដូណាល់ ត្រាំ កើតមានឡើងតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីលោកផ្ទាល់អះអាងថា ទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិកបានជូនដំណឹងដល់ រូបលោកពីការដាក់ពង្រាយកងទ័ពចិនទៅកាន់ទីក្រុង ហ្សិនជិន (Shenzhen) ស្ថិតនៅក្បែរព្រំដែនទីក្រុងហុងកុង ក្រោយក្រុមមន្ត្រីចិនបានព្រមានក្រុមបាតុករ កុំឱ្យចង់សាកល្បងការអត់ធ្មត់របស់ទីក្រុងប៉េកាំង។
គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនព្រមទាំងអ្នកនាំរដ្ឋាភិបាលទីក្រុងប៉េកាំង ចាប់តាំងពីការផ្ទុះបាតុកម្ម កាន់តែធ្ងន់ធ្ងរ នៅទីក្រុងហុងកុងជាច្រើនសប្តាហ៍មកនេះ ពួកគេតែងតែចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ដោយអំពាវនាវឲ្យសហរដ្ឋអាមេរិក «ដកបាតដៃខ្មៅរបស់ខ្លួនចេញពីទីក្រុងហុងកុង» ដែលជាទឹកដីស្វយ័តរបស់ចិនមួយនេះជាបន្ទាន់ ខណៈក្រុមបាតុករជាច្រើន បានគ្រវីទង់ជាតិ អាមេរិក និងមានសរសេរជាបដាជាច្រើន ដែលមានន័យទាមទារត្រង់ៗឲ្យរដ្ឋបាលលោក ដូណាល់ ត្រាំ ចូលធ្វើអន្តរាគមន៍ថែមទៀតផង៕