(ប៉េកាំង)៖ មនុស្សយ៉ាងតិច២២នាក់ហើយបានស្លាប់ បន្ទាប់ពីព្យុះទីហ្វុងឈ្មោះ Lekima បានវាយប្រហារមកលើប្រទេសចិន ដែលបង្ខំឲ្យមនុស្សជាងមួយលាននាក់ជម្លៀសខ្លួនទៅកាន់ទីសុវត្ថិភាព។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០១៩។

អាជ្ញាធរចិនបានឲ្យដឹងថា ជនរងគ្រោះដែលបានបាត់បង់ជីវិត គឺដោយសារតែបំណាក់ដី ដែលបង្កឡើងដោយព្យុះខាងលើ ខណៈមនុស្ស១០នាក់ទៀត ក៏បានបាត់ខ្លួនផងដែរ។ រីឯប្រជាជនចិនប្រមាណ២៥០,០០០នាក់ ដែលរស់នៅក្នុងទីក្រុងសៀងហៃ និង៨០០,០០០នាក់ នៅខេត្ត Zhejiang ត្រូវបានជម្លៀសខ្លួនទៅកាន់ទីសុវត្ថិភាព។

គួរជម្រាបថា ព្យុះទីហ្វុង Lekima គឺជាព្យុះទីហ្វុងទី៩ហើយ ដែលកើតមានឡើងក្នុងឆ្នាំនេះ។ វាបានបោកបក់មកដល់ក្រុង Wenling នៃខេត្ត Zhejiang ឆ្នេរភាគអាគ្នេយ៍ប្រទេសចិន កាលពីថ្ងៃសៅរ៍ ជាមួយកម្លាំងខ្យល់១៨៧គីឡូម៉ែត្រក្នុងមួយម៉ោង បន្ទាប់ពីឆ្លងកាត់កោះតៃវ៉ាន់។ ព្យុះទីហ្វុងនេះ កំពុងបន្តឆ្ពោះទៅភាគខាងជើង រកទីក្រុងសៀងហៃ៕