(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើតសម្ព័ន្ធមិត្តយោធាដែនសមុទ្រ ដើម្បីល្បាតតាមផ្លូវសមុទ្រ សំខាន់ៗដែលឆ្លងកាត់តាមច្រកសមុទ្រ ហ័រមូស (Hormuz) កាលពីពេលថ្មីៗនេះបានធ្វើឱ្យរដ្ឋាភិបាល ទីក្រុងតេអេរ៉ង់ក្តៅស្លឹកត្រចៀកជាខ្លាំង ដោយបានចាត់ទុកថា «ជាទង្វើបង្កហេតុ»៕

២៖ អាជ្ញាធរមីយ៉ាន់ម៉ានៅថ្ងៃសៅរ៍នេះបានឱ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ២២នាក់ហើយ និង ៤៧នាក់ទៀតរងរបួសក្នុងគ្រោះរអិលបាក់ដី បង្កឡើងដោយភ្លៀងមូសុងធ្លាក់យ៉ាងគំហុក ដែលបានកប់ផ្ទះ និងអគារជាច្រើននៅតំបន់ភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា៕

៣៖ ប៉ុន្មានថ្ងៃមកនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងវិស័យតារាសាស្ត្រអន្តរជាតិ ដោយតារាវិទូមួយរូបឈ្មោះ Ethan Chappel បានបញ្ចេញនូវរូបភាព ដែលលោកផ្តិតបានកាលពីថ្ងៃទី០៧ ខែសីហា កន្លងទៅថ្មីនេះប៉ុណ្ណោះ ខណៈគ្រប់បានសន្និដ្ឋានថា វាជាអាចម៍ផ្កាយដ៏ធំដែលធ្លាក់បុកផ្ទៃភពព្រហស្បតិ៍ ទើបអាចបង្កើតចេញ ជាបន្ទុះឲ្យឃើញយើងឃើញបែបនេះ៕

៤៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្កឱ្យមានការសង្ស័យកាន់តែខ្លាំង ចំពោះឱកាសនៃការចុះ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន បន្ទាប់ពីបង្ហើបថា អាមេរិកអាចនឹងលុបចោលកិច្ចចរចានៅខែកញ្ញាខាងមុននេះ ខណៈសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កើនឡើងកម្ដៅជាថ្មី៕

៥៖ ប្រជាជនជិតមួយលាននាក់ បានរងផលប៉ះពាល់ពីការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំមួយនៅទូទាំងប្រទេស អង់គ្លេស និងវែល ខណៈផ្ទះ និងបណ្ដាញដឹកជញ្ជូនជាច្រើនត្រូវគាំងដំណើរការ ឬគ្មានអគ្គិសនី ប្រើប្រាស់ជាបណ្ដោះអាសន្ន៕

៦៖ យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលចំនួន២គ្រាប់បន្ថែមទៀតនៅព្រឹក ថ្ងៃសៅរ៍នេះ និងជាលើកទី៥ ក្នុងរយៈពេលយ៉ាងតិច ចំនួន៣សប្ដាហ៍កន្លងមក៕