(តេហេរ៉ង់)៖ ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើតសម្ព័ន្ធមិត្តយោធាដែនសមុទ្រ ដើម្បីល្បាតតាមផ្លូវសមុទ្រសំខាន់ៗដែលឆ្លងកាត់តាមច្រកសមុទ្រ ហ័រមូស (Hormuz) កាលពីពេលថ្មីៗនេះ បានធ្វើឱ្យរដ្ឋាភិបាលទីក្រុងតេអេរ៉ង់ក្តៅស្លឹកត្រចៀកជាខ្លាំង ដោយបានចាត់ទុកថា «ជាទង្វើបង្កហេតុ»។ នេះតាមការចេញផ្សាយរបស់សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០១៩។

រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់លោក ហ្សាវ៉ាដ ហ្សារីហ្វ (Javad Zarif) បានព្រមានតបទៅនឹងកិច្ចប្រឹងប្រែងរបស់ក្រុងវ៉ាស៊ីនតោន ក្នុងបង្កើតសម្ព័ន្ធមិត្តយោធានៅឈូងសមុទ្រពែកយ៉ាងដូច្នេះថា «សម្រាប់ការបង្ហាញវត្តមាននៃយោធាបរទេសណាមួយក្នុងតំបន់ គឺវាស្មើនឹងការបង្កអស្ថេរភាពក្នុងតំបន់ ហើយអ៊ីរ៉ង់មិនញញឺតក្នុងការចាត់វិធានការឆ្លើយតប ដើម្បីការពារសន្តិសុខរបស់ខ្លួននោះឡើយ”

ភាពតានតឹងលើបញ្ហានេះបានកើនឡើងបន្ថែមទៀតមួយម្រិតទៀត ក្រោយពីមានរបាយការណ៍អំពីការចូលរួមរបស់អ៊ីស្រាអែលក្នុងបេសកកម្មនោះដែរ ខណៈអ៊ីរ៉ង់បានចាត់ទុកអ៊ីស្រាអែល ជាការគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិសុខប្រទេសរបស់ខ្លួន។

សម្រាប់រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់វិញ គឺលោកអាម៉ឺ ហាតាមី (Amir Hatami) មុននេះក៏បានចេញមុខមកព្រមានអំពីវត្តមានរបស់អ៊ីស្រាអែល នៅក្នុងបេសកកម្មនេះដែរ ដោយបានលោកចាត់ទុកថា «គឺជាទង្វើបង្កហេតុយ៉ាងខ្លាំង» ហើយវាអាចបង្កឲ្យមានមហន្តរាយសម្រាប់តំបន់នេះ។

គួរជម្រាបថា សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ បានធ្វើផែនការជាសាធារណមួយ ដើម្បីបង្កើតបេសកកម្មយោធាមួយ ដែលមានឈ្មោះថា Operation Sentinel ដើម្បីល្បាតមើលច្រកសមុទ្រ Hormuz បន្ទាប់ពីមានការវាយប្រហារ ប្រឆាំងនឹងនាវាដឹកប្រេងនៅក្នុងតំបន់ជារឿយៗ នៅប៉ុន្មានខែចុងក្រោយនេះ៕