(ប៉េកាំង)៖ នាពេលថ្មីៗនេះក្រសួងហិរញ្ញវត្ថុអាមេរិកបានដាក់បញ្ចូលប្រទេសចិន ជាប្រទេសញាក់ខ្សែបញ្ជាពីក្រោយអត្រាប្តូរប្រាក់ដែលមិនត្រឹមតែបានល្មើស នឹងអ្វីដែលជាស្តង់ដាវិនិច្ឆ័យ ដែលអាមេរិកបានកំណត់ដោយខ្លួនឯងប៉ុណ្ណោះទេ ហើយក៏ធ្វើពើជាមើលមិនឃើញ ការប្រព្រឹត្តរបស់រដ្ឋាភិបាលអាមេរិក ដែលបានដាក់សម្ពាធទៅលើប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកជាច្រើនដង ឱ្យបញ្ចុះការប្រាក់នោះ ពោលគឺវាគ្រាន់ជាឆាកល្ខោន ដើម្បីគាបសង្កត់គូប្រកួតប្រជែង តាមរយៈការប្រើស្តង់ដាស្ទួនប៉ុណ្ណោះ។

ក្នុងរយៈពេលជាយូរកន្លងមក អាមេរិកបានចាត់ទុកអត្រាប្តូរប្រាក់ជាឧបករណ៍ សម្រាប់គាំពារអនុត្តរភាពបែបអាមេរិក ដោយសំអាងលើឋានៈជារូបិយប័ណ្ណបម្រុងអន្តរជាតិ នៃប្រាក់ដុល្លារអាមេរិក។ពិតមែនតែកម្រិតទីផ្សារភាវូបនីយកម្ម នៃអត្រាប្តូរប្រាក់យាន់ចិន ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ តាំងពីប្រទសចិនអនុវត្តកំណែទម្រង់ខាង យន្តការអត្រាប្តូរប្រាក់យាន់ចិនកាលពីឆ្នាំ១៩៩៤មកក្តី ក៏ប៉ុន្តែនៅតែមានបុគ្គលអាមេរិកមួយចំនួន បានដាក់សម្ពាធឥតឈប់ឈរដោយទាមទារម្តងហើយម្តងទៀត ឱ្យបង្កើនភាពធន់នៃអត្រាប្តូរប្រាក់យាន់ចិន។

ក្នុងមួយរយៈពេលថ្មីៗកន្លងទៅនេះ ដោយមកពីអាមេរិកបានជំរុញតាមទំនើងចិត្ត នូវគោលនយោបាយឯកតោភាគីនិយម បណ្តាលឱ្យជម្លោះពាណិជ្ជកម្មជាមួយប្រទេសចិន មានភាពកាន់តែធ្ងន់ធ្ងរ ដូច្នេះទីផ្សារហិរញ្ញវត្ថុពិភពលោកបានលេចចេញភាពរង្គោះរង្គើ ភាពចុះឡើងនៃអត្រាប្តូរប្រាក់យាន់ចិន ក៏មានកម្រិតខ្លាំងជាងមុន។ ដូច្នេះ មន្ត្រីអាមេរិកមួយចំនួនហាក់ដូចជាភ្លេចពាក្យសម្តីរបស់ខ្លួន ដែលធ្លាប់និយាយ ហើយបែរជាចោទប្រកាន់ប្រទេសចិនថា បានញាក់ខ្សែបញ្ជាពីក្រោយអត្រាប្តូរប្រាក់ទៅវិញ ពោលគឺនិយាយបាតដៃជាខ្នងដៃ។

បើមើលពីអាមេរិកវិញ ក្នុងរយៈពេលជាងមួយឆ្នាំកន្លងទៅនេះ មន្ត្រីអាមេរិកមួយចំនួនបានដាក់សម្ពាធជាច្រើនលើក ទៅលើប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកឱ្យបញ្ចុះការប្រាក់ ក្នុងន័យជំរុញឱ្យអត្រាប្តូរប្រាក់ដុល្លារអាមេរិកធ្លាក់ថ្លៃ។ ដោយរងឥទ្ធិពលពីប្រការនេះ ក្នុងសភាពការណ៍ដែលសេដ្ឋកិច្ចអាមេរិកនាពេលបច្ចុប្បន្ន នៅមិនទាន់ស្របតាមលក្ខខណ្ឌសម្រាប់ការបញ្ចុះការប្រាក់នោះទេ តែប្រព័ន្ធបម្រុងសហព័ន្ធអាមេរិក ត្រូវបង្ខំចិត្តប្រកាសបញ្ចុះការប្រាក់កាលពីថ្ងៃទី៣១ ខែកក្កដាឆ្នាំនេះ (តាមម៉ោងក្នុងតំបន់)។
ទាក់ទិននឹងរឿងដែលប្រព័ន្ធបម្រុងសហព័ន្ធអាមេរិក បញ្ចុះការប្រាក់ជាលើកដំបូងក្នុងរយៈពេលជាង ១០ឆ្នាំកន្លងទៅនេះ លោក Paul Yellen, លោក Alan Greenspan, លោក Ben Shalom Bernanke និងលោកស្រី Janet L. Yellen ជាដើម ដែលជាអតីតប្រធានប្រព័ន្ធបម្រុងសហព័ន្ធអាមេរិក បានរួមគ្នាចុះផ្សាយអត្ថបទលើទំព័រកាសែត The Wall Street ដើម្បីអំពាវនាវឱ្យធានាជាក់លាក់កុំឱ្យសេចកី្តសម្រេច អំពីគោលនយោបាយរូបិយវត្ថុរបស់អាមេរិក រងឥទ្ធិពលពីស្ថានការណ៍នយោបាយរយៈពេលខ្លី ហើយការរួមគ្នាចុះផ្សាយអត្ថបទបែបនេះ គឺពិតជាកម្រមានណាស់។

ក៏ប៉ុន្តែមានបុគ្គលអាមេរិកមួយចំនួនមិនអើពើអំពីរឿងនេះ បែរជាបន្តទាមទារឱ្យប្រព័ន្ធបម្រុងសហព័ន្ធអាមេរិក បញ្ចុះការប្រាក់កាន់តែច្រើននិងកាន់តែលឿនទៅវិញ។ ទង្វើដាក់សម្ពាធផ្នែកនយោបាយ ទៅលើប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបែបនេះ ជាទង្វើញាក់ខ្សែបញ្ជាពីក្រោយអត្រាប្តូរប្រាក់យ៉ាងពិតប្រាកដ។

ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរ ដែលមានទំនួលខុសត្រូវលើពិភពលោក ប្រទេសចិនបានគោរពពាក្យសន្យាស្តីពីអត្រាប្តូរប្រាក់ ដែលបានសន្យានៅក្នុងសន្និសីទកំពូលនៃប្រទេស G20 ជាប់រហូតមក ដោយមិនធ្លាប់ហើយក៏នឹងមិនចាត់ទុកអត្រាប្តូរប្រាក់ ជាឧបករណ៍គោលនយោបាយសម្រាប់ទប់ទល់ នឹងជម្លោះពាណិជ្ជកម្មនោះទេ ។

ចាប់តាំងពីសហរដ្ឋអាមេរិកបានធ្វើឱ្យជម្លោះពាណិជ្ជកម្ម ឡើងកម្តៅកាន់តែខ្លាំងឡើងៗនៅឆ្នាំ២០១៨មក ទោះបីជាក្នុងករណីដែលភាគីអាមេរិក បានដាក់សម្ពាធម្តងហើយម្តងទៀតក៏ដោយ ក៏ប្រទេសចិននៅតែប្រកាន់ខ្ជាប់នូវ ការមិនទម្លាក់តម្លៃប្រាក់ក្នុងលក្ខណៈប្រកួតប្រជែងឡើយ។ ពីព្រោះប្រទេសចិនមិនបាច់ឆ្លងតាមរយៈ ការញាក់ខ្សែបញ្ជាពីក្រោយអត្រាប្តូរប្រាក់ ដើម្បីជាឧត្តមភាពសម្រាប់ធ្វើការប្រកួតប្រជែងបែបអយុត្តិធម៌នោះឡើយ៕

ប្រភព៖ សារព័ត៌មានរដ្ឋចិន (ថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០១