(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្កឱ្យមានការសង្ស័យកាន់តែខ្លាំង ចំពោះឱកាសនៃការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន បន្ទាប់ពីបង្ហើបថា អាមេរិកអាចនឹងលុបចោលកិច្ចចរចានៅខែកញ្ញាខាងមុននេះ ខណៈសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កើនឡើងកម្ដៅជាថ្មី។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០១៩។

ស្ថិតនៅចំពោះក្រុមអ្នកសារព័ត៌មាន មុនទៅវិសមកាលវាយកូនហ្គោលនៅរដ្ឋញូជែស៊ី (New Jersey) លោក ត្រាំ បានលើកឡើងនៅថ្ងៃសុក្រសប្ដាហ៍នេះយ៉ាងដូច្នេះថា «យើងទាំងអស់គ្នានឹងបានឃើញថា តើយើងនឹងរក្សាកិច្ចចរចាក្នុងខែកញ្ញាខាងមុនេះ ឬក៏យ៉ាងណា? ស្របពេលយើងមិនទាន់ត្រៀមខ្លួនចុះកិច្ច ព្រមព្រៀងនៅឡើយទេ ប៉ុន្តែយើងនឹងបានឃើញថានឹងមានអ្វីកើតឡើង ឬក៏កិច្ចចរចាត្រូវលុប ចោលក៏ថាបាន?»។

គួរបញ្ជាក់ថា តាមការគ្រោងទុកសហរដ្ឋអាមេរិក និងចិននឹងត្រូវជួបចរចាគ្នាជាថ្មីនៅខែកញ្ញា ខាងមុខ។ ប៉ុន្តែបច្ចុប្បន្នសង្រ្គាមពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចទាំង ២ កើនឡើងកម្ដៅជាថ្មី ក្រោយលោក ដូណាល់ ត្រាំ ប្រកាសយកពន្ធ ១០ភាគរយលើផលិតផលនាំចូលពីស្ទើតែគ្រប់មុខ មានតម្លៃជាង ៣០០ពាន់លានដុល្លារដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី០១ ខែកញ្ញា។
លើសពីនេះទៅទៀតក្រៅតែពីប្រកាសយកពន្ធ រដ្ឋបាលលោក ត្រាំ ក៏បានបញ្ចូលចិនទៅក្នុងបញ្ជី ខ្មៅនៃប្រទេសបំភ្លៃរូបបិយវត្ថុផងដែរក្រោយចោទប្រកាន់ចិនថា បាននិងកំពុងកេងចំណេញក្នុង ការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក តាមរយៈការទម្លាក់តម្លៃប្រាកយ័ន៕