(ហុងកុង)៖ នាយកប្រតិបត្តិទីក្រុងហុងកុង លោកស្រី Carrie Lam បាននិយាយថាបណ្ដា ក្រុមហ៊ុន និងសហគ្រាសទាំងអស់ កំពុងមានការព្រួយបារម្ភកាន់តែខ្លាំងពីផលវិបាកបង្កឡើង ដោយបាតុកម្មតវ៉ា ដែលបាន និងកំពុងវាយប្រហារលើសេដ្ឋកិច្ចរបស់ទីក្រុងហុងកុង ប្រៀបបាន ទៅនឹង «រលកយក្សស៊ូណាមិ»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០១៩។

ការកត់សម្គាល់ខាងលើរបស់លោកស្រី Lam កើតមានឡើង នៅចំពេលដែលក្រុមបាតុករគាំទ្រ លិទ្ធិប្រជាធិបតេយ្យ ប្រមូលផ្ដុំគ្នាធ្វើការតវ៉ាសាជាថ្មីរយៈពេល៣ថ្ងៃ ដោយចាប់ផ្ដើមនៅថ្ងៃសុក្រ នេះ នៅឯអាកាសយានដ្ឋានអន្តរជាតិក្រុងហុងកុង បើទោះជាមានការព្រមានពីចិនក៏ដោយ។

គួរបញ្ជាក់ថា បាតុកម្មតវ៉ានៅក្នុងទីក្រុងហុងកុង បានផ្ទុះឡើងអស់រយៈពេលជាច្រើនសប្ដាហ៍ មកហើយ ដោយពេលនេះក្រុមបាតុករ មិនមែនត្រឹមតែតវ៉ាប្រឆាំងជំទាស់នឹងច្បាប់ធ្វើបត្យាប័ន ជនសង្ស័យទៅកាន់ចិនដីគោក ទៀតនោះទេ។ ពោលគឺពួកគេចង់ឱ្យលោកស្រី Lam ចុះចេញពី តំណែងតែម្ដង៕