(ប៊ែរឡាំង)៖ ការដែលអាល្លឺម៉ង់បដិសេធ មិនចូលរួមក្នុងកិច្ចប្រឹងប្រែងបង្កើតកងកម្លាំងអន្តរជាតិ ដើម្បីល្បាតតំបន់ឈូងសមុទ្រពែក ដែលផ្តួចផ្តើមឡើងដោយសហរដ្ឋអាមេរិក គឺជាភាពអាម៉ាស់ មួយរបស់ទីក្រុងវ៉ាស៊ីនតោន ដែលចង់បង្ហាញអ៊ីរ៉ង់ថា លោកខាងលិចមានសាគ្គីភាពគ្នារឹងមាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០១៩។

រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោក Heiko Maas បានបញ្ជាក់ច្បាស់ហើយថាទីក្រុងប៊ែរឡាំង នឹងមិនចូលរួមគម្រោងអាមេរិក ដែលចង់បង្កើតកងកម្លាំងចម្រុះល្បាតតំបន់ឈូងសមុទ្រពែក ដើម្បីទប់ទល់ជាមួយអ៊ីរ៉ង់ឡើយ។ ទោះជាបែបនេះក្តី យោងតាម ប្រភពពីមន្រ្តីក្នុងជួររដ្ឋាភិបាល អាមេរិក ទីក្រុងវ៉ាស៊ីនតោនកំពុងតែបន្តបញ្ចុះបញ្ចូលនិងដាក់សម្ពាធ ឲ្យរដ្ឋាភិបាលទីក្រុងប៊ែរឡាំង ពិចារណាឡើងវិញលើការសម្រេចចិត្តរបស់ខ្លួន។

បើតាមមន្រ្តីទាំងនោះ ការបដិសេធរបស់អាល្លឺម៉ង់ ដែលជាសម្ព័ន្ធមិត្តធំមួយរបស់អាមេរិកនឹងធ្វើ ឲ្យទីក្រុងតេហេរ៉ង់ មើលឃើញថា ប្រទេសលោកខាងលិចពុំមានសាមគ្គីភាពគ្នាជាធ្លុងមួយ ឡើយ។ បើតាមលោក Maas ហេតុផល ដែលទីក្រុងប៊ែរឡាំងមិនចង់ជាប់ជំពាក់ជាមួយ ផែនការរបស់អាមេរិក គឺដោយសារតែក្តីបារម្ភខ្លាចផុងខ្លួន ធ្លាក់ក្នុងភ្លើងសង្រ្គាមជាមួយអ៊ីរ៉ង់ ប្រសិនបើភាព តានតឹងនៅតែបន្តកើនឡើងកម្តៅ។

គួរជម្រាបថា គម្រោងរបស់អាមេរិកបានកើតឡើងបន្ទាប់ពីអ៊ីរ៉ង់បានចាប់ឃាត់ទុកកប៉ាល់ដឹងប្រេង អង់គ្លេសមួយគ្រឿង នៅ ច្រកសមុទ្រ Hormuz បន្ទាប់ពីកប៉ាល់អ៊ីរ៉ង់មួយគ្រឿង ត្រូវបានអង់គ្លេសរឹបអូស នៅតំបន់ច្រកសមុទ្រ Gibraltar៕