(ទ្រីប៉ូលី)៖ ការវាយប្រហារដោយយន្តហោះដ្រូននៅក្រុង Murzuq ភាគខាងត្បូងប្រទេសលីប៊ី បានសម្លាប់មនុស្សយ៉ាងតិច៤៣នាក់ ខណៈអ្នកប្រព្រឹត្តត្រូវបានមន្រ្តីក្នុងតំបន់កើតហេតុអះអាងថា គឺជាកម្លាំងយោធាលីប៊ីភាគខាងកើត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០១៩។

ករណីខាងលើគឺជាការវាយប្រហារតាមផ្លូវអាកាសលើកទីពីរហើយ ដែលត្រូវបានទម្លាក់កំហុសទៅលើ កងកម្លាំងយោធាលីប៊ីភាគខាងកើត LNA របស់ឧត្តមសេនីយ៍ Khalifa Haftar ក្រោយជនភៀសខ្លួនយ៉ាងហោច៤៤នាក់ បានបាត់បង់ជីវិត កាលពីខែមិថុនាកន្លងទៅ នៅពេលមជ្ឈមណ្ឌលឃុំឃាំងមួយកន្លែង ក្នុងទីក្រុងទ្រីប៉ូលី បានរងការវាយប្រហារ តាមផ្លូវអាកាស។

កងកម្លាំង LNA បានទទួលស្គាល់ថា ពិតជាមានការវាយប្រហារតាមផ្លូវអាកាស នៅក្រុង Murzuq មែន ប៉ុន្តែពុំមានគោលដៅលើ ជនស៊ីវិលស្លូតត្រង់ឡើយ។ កន្លងមក កងកម្លាំង LNA ក៏បានប្រកែកថា ខ្លួនមិនបានវាយប្រហារចំមជ្ឈមណ្ឌលឃុំឃាំងខាងលើដែរ ប៉ុន្តែទទួលស្គាល់ថា ប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាស នៅទីក្រុងទ្រីប៉ូលីបានកើនឡើង។

គួរជម្រាបថា ចាប់តាំងតែពីលោក Haftar បានដឹកនាំយុទ្ធនាការយោធាទ្រង់ទ្រាយធំ ដើម្បីវាយដណ្តើមយកទីក្រុងទ្រីប៉ូលី ដែលជាមូលដ្ឋានរបស់រដ្ឋាភិបាលលីប៊ី GNA របស់នាយករដ្ឋមន្រ្តី Fayez al-Sarraj កាលពីដើមខែមេសាមក មនុស្សខ្ទង់ពាន់នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស និងត្រូវភៀសខ្លួន៕