(ព្យុងយ៉ាង)៖ ប្រមុខដឹកនាំកំពូលផុតលេខរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំការធ្វើតេស្តជើងទម្របាញ់គ្រាប់រ៉ុក្កែត ជាលើកទីពីរក្នុងសប្តាហ៍នេះ ខណៈសារព័ត៌មានរដ្ឋកូរ៉េខាងជើងបានចេញផ្សាយថា គឺជាផលិតផលថ្មីទើបត្រូវបានអភិវឌ្ឍន៍ ហើយសម្រាប់ចេតនាវិញនោះ គ្រប់គ្នាពិតជាបានដឹងកន្លងមករួចទៅហើយ នោះគឺកូរ៉េខាងជើងចង់ព្រមានទុកឲ្យហើយ ចំពោះគំរោងធ្វើសមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ នេះបើតាមការ ចេញផ្សាយដោយស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៣ ខែសីហា ឆ្នាំ២០១៩។

សេចក្តីរាយការណ៍អំពីការធ្វើតេស្តខាងលើនេះ បានកើតមានឡើងតាំងតែពីព្រឹកថ្ងៃសុក្រ ម្សិលមិញនេះម្ល៉េះ ប៉ុន្តែសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ទើបតែចេញផ្សាយថា វាត្រូវបានដឹកនាំដោយផ្ទាល់ពីសំណាក់ប្រមុខដឹកនាំកំពូល គីម ជុងអ៊ុន ដើម្បីធ្វើតេស្ត ជើងទម្របាញ់រ៉ុក្កែតថ្មី និងលក្ខណៈនៃការហោះឡើងរបស់គ្រាប់រ៉ុក្កែតសំដៅទៅរកគោលដៅ ព្រមទាំងថាមពលនៃការផ្ទុះរបស់ក្បាលគ្រាប់ ដែលបំពាក់នៅលើវាផងដែរ។

គួរបញ្ជាក់តាមរបាយការណ៍ខាងលើនេះទៀតថា លោក គីម ជុងអ៊ុន មានការពេញចិត្តជាខ្លាំង ចំពោះលទ្ធផលដែលសម្រេចបានពីការធ្វើតេស្តនេះ។ ដោយឡែកងាកទៅសហរដ្ឋអាមេរិកវិញ លោក ដូណាល់ ត្រាំ ក៏បានបង្ហោះសារជាថ្មីទៀតនៅលើគណនី Twitter របស់លោកផងដែរ ដោយបង្ហាញអំពីការមិនសូវខ្វល់ខ្វាយធំដុំឡើយ ព្រោះប្រធានាធិបតីរូបនេះនៅតែជឿជាក់ចំពោះ ទំនាក់ទំនងរវាងលោក និងលោក គីម ជុងអ៊ុន ហើយការបាញ់តេស្តប៉ុន្មានលើកចុងក្រោយនេះ ក៏មិនបានបំពានកិច្ចសន្យារវាងមេដឹកនាំទាំងពីរ នាពេលកន្លងមកនោះដែរ៕