(ម៉ូស្គូ)៖ មេដឹកនាំមេបក្សប្រឆាំងរុស្ស៊ីលោក អេឡិចហ្សៃ ណាវ៉ាល់នី (Alexei Navalny) នៅថ្ងៃពុធនេះបានអះអាងថា លោកត្រូវបានប៉ូលិសចាប់ខ្លួន ខណៈក្រុមបេក្ខជនបក្សប្រឆាំង នៅតែបន្តធ្វើបាតុកម្មប្រឆាំង នឹងរដ្ឋអំណាចទីក្រុងម៉ូស្គូ ជុំវិញការហាមឃាត់ពួកគេ ចូលរួមក្នុងការបោះឆ្នោតថ្នាក់តំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅរសៀលថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩។

នៅក្នុងលើវីដេអូមួយបង្ហោះលើ Instagram លោក Navalny បានបញ្ជាក់ទៀតថា លោកត្រូវបានប៉ូលិសរុស្ស៊ីចាប់ខ្លួន នៅពេលដែលលោកធ្វើដំណើរចេញពីផ្ទះក្នុងទីក្រុងម៉ូស្គូ ទៅហាត់ប្រាណ ហើយក្រោយមករូបលោកត្រូវបានគេបញ្ជូនទៅប៉ុស្ដិ៍ប៉ូលិសមួយ។ ប៉ុន្តែខាងអាជ្ញាធររុស្ស៊ី មិនទាន់ធ្វើអត្ថាធិប្បាយតបតទៅនឹងការអះអាងនេះទេ ស្របពេលនេះមិនមែនជាលើកទីមួយឡើយ ដែលមេដឹកនាំបក្សប្រឆាំងរូបនេះត្រូវបានចាប់ខ្លួន។

គួរបញ្ជាក់ថា ក្រុមបាតុករច្រើនជាង ២០,០០០នាក់បានប្រមូលផ្ដុំគ្នាក្នុងទីក្រុងម៉ូស្គូ នៅថ្ងៃសៅរ៍សប្ដាហ៍មុន ដើម្បីទាមទារឱ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅក្នុង ប្រទេសរុស្ស៊ី។ នៅក្នុងបាតុកម្មនោះ ក្រុមបាតុករទាំងអស់ក៏បានអំពាវនាវផងដែរ ឱ្យអាជ្ញាធររុស្ស៊ីអនុញ្ញាតដល់បេក្ខជននានាមកពីគណបក្សប្រឆាំង ចុះឈ្មោះចូលរួមនៅក្នុងការបោះឆ្នោតថ្នាក់តំបន់មួយ នៅខែកញ្ញាខាងមុខនេះ។

អាជ្ញាធររុស្ស៊ីបានបដិសេធចុះឈ្មោះបេក្ខជន ៣០នាក់ មកពីគណបក្សប្រឆាំង បើទោះជាពួកគេប្រមូលហត្ថលេខាពីប្រជាជនបានជាង ៥០,០០០នាក់ ដែលចំនួនចាំបាច់មានសិទ្ធិឈរឈ្មោះ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតក៏ដោយ៕