(តេហេរ៉ង់)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី ថេរ៉េសា ម៉ាយ (Theresa May) បានបើកកិច្ចប្រជុំជាបន្ទាន់មួយជាមួយ គណៈកម្មាធិការចាត់ចែងគ្រាអាសន្នរបស់រដ្ឋាភិបាល (Cobra) ដើម្បីរកវិធីដោះស្រាយ បន្ទាប់ពីកប៉ាល់ដឹកប្រេងដែលមានដោតទង់ជាតិអង់គ្លេស ត្រូវបានរឹបអូសដោយអ៊ីរ៉ង់នៅចក្រសមុទ្រហ័រមូស កាលពីថ្ងៃសុក្រសប្តាហ៍មុន។

ជុំវិញកិច្ចប្រជុំខាងលើនេះ អ្នកកាសែតជនជាតិអ៊ីរ៉ង់ម្នាក់ និងជាអ្នកជំនាញខាងវិភាគនយោបាយអន្តរជាតិផងដែរ គឺលោក ហាមីដរ៉េហ្សា (Hamidreza Gholamzadeh) បានសម្តែងមតិរបស់លោក តាមរយៈកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Sputnik នាថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០១៩ ខណៈដែលស្ថានការណ៍តានតឹង នៅតំបន់ឈូងសមុទ្រកាន់តែអាក្រក់ខ្លាំងឡើងជាលំដាប់។

ឆ្លើយតបនឹងសំនួរនានាថា តើវាមានសារៈសំខាន់ដូច្នេះជុំវិញបញ្ហានេះ? តើកិច្ចប្រជុំខាងលើនេះនឹងមានឥទ្ធិពលអ្វីខ្លះ ទៅលើភាពតានតឹងដែលកំពុងបន្តកើនមានឡើងនៅក្នុងតំបន់? អ្នកសារព័ត៌មានអ៊ីរ៉ង់ ហាមីដរ៉េហ្សា បានឆ្លើយតបយ៉ាងដូច្នេះ៖ «ទាក់ទងនឹងរឿងនេះខ្ញុំមើលឃើញថា អង់គ្លេសកំពុងតែដើរជាន់ដានចាស់ តាមរយៈការប្រើប្រាស់វិធី និងសេណារីយ៉ូស្ទើរតែដូចគ្នា ទៅនឹងព្រឹត្តិការណ៍វាយលុកលុយអ៊ីរ៉ាក់នៅឆ្នាំ២០០៣។ កាលណោះរដ្ឋាភិបាលអង់គ្លេស បានចូលរួមជាមួយសហរដ្ឋអាមេរិក ដោយបានចាត់វិធានការដូចគ្នា និងប្រើប្រាស់ទង់ជាតិក្លែងក្លាយ និងព័ត៌មានក្លែងក្លាយដូចគ្នា ដើម្បីបំប៉ោងព័ត៌មានអំពីភាពតានតឹង ដើម្បីសំអាងមានលេសធ្វើការវាយប្រហារអ៊ីរ៉ាក់ ហើយករណីអ៊ីរ៉ង់នៅពេលនេះ ក៏មិនសូវខុសគ្នាដែរ»

លោក ហាមីដរ៉េហ្សា បានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះ៖ «ប៉ុន្តែអ្វីដែលខុសគ្នានោះនៅត្រង់ថា អ៊ីរ៉ង់គឺមិនមែនជាអ៊ីរ៉ាក់ ហើយស្ថានភាពនោះទៀតសោត គឺខុសគ្នាទាំងស្រុង។ រដ្ឋាភិបាលអង់គ្លេសត្រូវតែដឹងថា វានឹងមិនអាចធ្វើដូចគ្នានឹងអ៊ីរ៉ាក់ទេ ជាមួយអ៊ីរ៉ង់ គឺមិនស៊ីធម៌ក្តៅឡើយ។ យើងកំពុងរស់នៅក្នុងអារ្យធម៌សម័យទំនើប ដូច្នេះហើយពួកគេចាំបាច់ត្រូវមានឥរិយាបថ ឲ្យស្របទៅនឹងសម័យកាលផង។ ពួកគេគួរតែគោរពច្បាប់អន្ដរជាតិ ហើយគ្មានហេតុផលណាមួយ ដែលពួកគេត្រូវចាត់វិធានការ ដែលរំលោភបំពានច្បាប់អន្តរជាតិនោះទេ។ ត្រូវហើយ! ពួកគេកំពុងចោទប្រកាន់អ៊ីរ៉ង់ ពីបទដឹកបញ្ជូនប្រេងទៅកាន់ប្រទេសស៊ីរី ខណៈដែលនៅលើឯកសារជាតិ និងឯកសារអន្តរជាតិ វាបានបង្ហាញថា កប៉ាល់ដឹកប្រេងអ៊ីរ៉ង់មិនមានគោលដៅធ្វើដំណើរ ទៅកាន់ស៊ីរីផងនោះ។ ដូច្នេះរដ្ឋាភិបាលទីក្រុងឡុងដ៍ ត្រូវតែបង្ហាញភស្តុតាងជាក់លាក់ ដើម្បីឲ្យគេអាចជឿទុកចិត្តបាន»

គួរបញ្ជាក់ថា បញ្ហារវាងអង់គ្លេស និងអ៊ីរ៉ង់កាន់តែក្តៅគគុក ត្រូវបានបង្កឡើងពីដំបូង តាមរយៈការចាប់កប៉ាល់ដឹកប្រេងមួយគ្រឿង ដោយអាជ្ញាធរកោះជីប្រាល់តា (Gibralta) របស់អង់គ្លេស ដោយចោទកប៉ាល់ដឹកប្រេងដ៏ធំរបស់អ៊ីរ៉ង់នោះថា មានគោលដៅឆ្ពោះទៅស៊ីរី ដោយរំលោភបំពានច្បាប់អន្តរជាតិ។ ជាការឆ្លើយតបកាលពីសប្តាហ៍មុននេះ អ៊ីរ៉ង់បានចាប់ឃាត់ទុកកប៉ាល់ដឹកប្រេងអង់គ្លេសមួយគ្រឿងវិញ ក្រោមការចោទប្រកាន់ថា កប៉ាល់អង់គ្លេសឈ្មោះ ស្ទេណា អ៊ីភែរ៉ូ (Stena Impero) បានរំលោភច្បាប់សមុទ្រ៕