(កាលីហ្វ័រញ៉ា)៖ ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei បានឲ្យដឹងថា ក្រុមហ៊ុននឹងកាត់បន្ថយការងារជាង ៦០០កន្លែង នៅក្រុមហ៊ុនទទួលបន្ទុកផ្នែកស្រាវជ្រាវបច្ចេកវិទ្យារបស់ខ្លួនគឺ ហ្វ៊ូឆឺវៃ (Futurewei Technologies) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដោយសារការបន្តជាប់ក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម​។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០១៩។

បើតាមសេចក្តីថ្លែងការណ៍របស់ Huawei ក្រុមហ៊ុន Futurewei ដែលមានបុគ្គលិកប្រមាណ ៨៥០នាក់នៅទូទាំងសហរដ្ឋអាមេរិក បានចាប់ផ្តើមការកាត់បន្ថយបុគ្គលិក កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ខណៈកត្តាដែលជំរុញឲ្យមានការកាត់បន្ថយការងារនៅក្រុមហ៊ុន Futurewei គឺបណ្តាលមកពី ចំណាត់ការនៃបញ្ជីខ្មៅរបស់រដ្ឋាភិបាលអាមេរិក។

គួរជម្រាបថា ក្រុមហ៊ុន Futurewei ដែលមានការិយាល័យនៅតំបន់ ស៊ីលីខុន វ៉ាលឡេយ (Silicon Valley) នៃរដ្ឋកាលីហ្វរញ៉ា, ទីក្រុងសៀតថល (Seattle) នៃរដ្ឋវ៉ាស៊ីនតោនស្តេត, នៅទីក្រុងឈីកាហ្គោ (Chicago) នៃរដ្ឋអ៊ីលីណយស៍ (Illinois) និងនៅទីក្រុងដលឡាស់ (Dallas) នៃរដ្ឋតិចសាស់ (Texas) ត្រូវបាន Huawei បង្កើតឡើងក្រោមគោលដៅ​សហការឲ្យជិតស្និទ្ធិជាមួយសាកលវិទ្យាល័យ ក៏ដូចជាក្រុមអ្នកស្រាវជ្រាវអាមេរិក។

ចាប់តាំងពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានកត់ឈ្មោះ Huawei ចូលទៅក្នុងបញ្ជីខ្មៅ ក្រុមហ៊ុន Futurewei មិនអាចផ្ទេរបច្ចេកវិទ្យាសំខាន់ៗទៅឲ្យក្រុមហ៊ុន Huawei បានទៀតឡើយ ហើយបម្រាមនេះក៏ដាក់កំហិតមិនឲ្យ Huawei ទិញផលិតផលពីក្រុមហ៊ុន​បច្ចេកវិទ្យាអាមេរិកដែរ។ បើតាមបុគ្គលិករបស់ Futurewei តាំងពី Huawei ជាប់បញ្ជីខ្មៅមក ការងារនៅក្នុងក្រុមហ៊ុនពួកគេ គឺពុំមានសកម្មភាពទៅមុខអ្វីឡើយ៕