(អាហ្សង់ទីន)៖ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការមួយ បានដោយដឹងថា លោក César Pelli ដែលជាស្ថាបត្យករជនជាតិអាហ្សង់ទីនដ៏អស្ចារ្យម្នាក់ ដែលជាអ្នកនៅពីក្រោយការរចនាម៉ូតអាគារភ្លោះម៉ាឡេស៊ីដ៏ល្បីល្បាញនោះ (Twin Tower) បានទទួលមោរណភាពកាលពីថ្ងៃសុក្រសប្តាហ៍នេះ នៅអាយុ៩២ឆ្នាំ។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នារយប់ថ្ងៃសៅរ៍ ទី២០ ខែកក្តដា ឆ្នាំ២០១៩។

លោក Pelli បានធំដឹងក្តីនៅប្រទេសអាហ្សង់ទីន និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យ Tucumán ប្រទេសអាហ្សង់ទីន។ បន្ទាប់មកបានផ្លាស់ទីលំនៅទៅសហរដ្ឋអាមេរិកនៅឆ្នាំ១៩៥២ ហើយបានតាំងទីលំនៅនៅក្រុង New Haven។

ដំណឹងមរណភាពរបស់លោក ត្រូវបានរាយការណ៍ដោយអភិបាលខេត្ត Tucuman របស់ប្រទេសអាហ្សង់ទីនផ្ទាល់ ជាកន្លែងដែលលោកបានធំដឹងក្តី និងចំណាយពេលជាច្រើនឆ្នាំរបស់លោក នៅទីនោះ។ លោកអភិបាលខេត្ត Juan Manzur បានសរសេរសារបង្ហោះលើបណ្តាញសង្គម Twitter ថា «យើងមានការសោកស្តាយយ៉ាងខ្លាំង ដែលយើងទទួលបានដំណឹងដ៏ក្រៀមក្រំ អំពីមរណភាពរបស់ស្ថាបត្យករដ៏ល្បីឈ្មោះ គឺលោក César Pelli ។ ខ្ញុំសូមចូលរួមមរណទុក្ខដល់ក្រុមគ្រួសារ ព្រមទាំងមិត្តភក្តិ និងក្រុមការងាររបស់លោកផង»

ស្នាដៃរបស់លោក Pelli ដែលល្បីល្បាញ មិនមែនមានតែអាគារភ្លោះនៅម៉ាឡាស៊ីតែប៉ុណ្ណោះទេ តែមានអាគារល្បីៗជាច្រើនទៀត ដែលសុទ្ធសឹងតែជាស្នាដៃរបស់លោក ឧទាហរណ៍ដូចជា មជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកនៅក្រុងញូយ៉ក និង អាគារ Canary Wharf នៅទីក្រុងឡុងដ៍ ហើយលោក៏ជាអ្នកជួយជុលឡើងវិញនូវសារមន្ទីរសិល្បៈដ៏ទំនើបនៅទីក្រុងញូយ៉កផងដែរ។

គួរបញ្ជាក់ផងដែរថា អាគារភ្លោះនៅម៉ាឡេស៊ី គឺជាអាគារដែលខ្ពស់ជាងគេបំផុតនៅលើពិភពលោក នាអំឡុងឆ្នាំ១៩៩៨ និងបានរក្សាតំណែងនេះរយៈពេល០៦ឆ្នាំ ផងដែរ៕