(សៀងហៃ)៖ ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines បានប្រកាសឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ខ្លួននឹងអនុវត្តន៍ផែនការពិពិធកម្មសមធម៌មួយ (an equity diversification plan) ដែលនឹងជួយបង្កើនឲ្យមានមូលធនរហូតដល់ ៣០ពាន់លានយ័ន (៤,៣៦ ពាន់លានដុល្លារ) ពីក្រុមហ៊ុនវិនិយោកធំៗចំនួន ០៣។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃសៅរ៍ ទី ២០ ឆ្នាំ ២០១៩។

ក្រុមហ៊ុនវិនិយោគក្វាងទុងហេងចៀន (The Guangdong Hengjian Investment Holding Corporation), ក្រុមហ៊ុនសំណងក្វាងចូវ (the Guangzhou Urban Construction Investment Group) និងក្រុមហ៊ុនវិនិយោគ ស៊ិនជិនផេងហេង (the Shenzhen Penghang Equity Investment Fund) រាល់ក្រុមហ៊ុននិមួយៗទាំងបីខាងលើ នឹងដាក់បញ្ចូលទឹកប្រាក់របស់ខ្លួនចំនួន ១០ពាន់លានយ័ន (ស្មើនឹងជាង ១,៤៥០លានដុល្លារអាមេរិក) ចូលក្នុងក្រុមហ៊ុនអាកាសចរណ៍មួយនេះ ដែលជាផ្នែកមួយនៃការកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសចិន ដើម្បីធ្វើពិពិធកម្មរចនាសម្ព័ន្ធម្ចាស់កម្មសិទ្ធិ ក្នុងចំណោមក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋ។

តាមរយៈសេចក្តីប្រកាសរបស់ខ្លួនបានឲ្យដឹងថា ការបោះជំហ៊ានមួយនេះ នឹងធ្វើឱ្យប្រសើរឡើងនូវសមាមាត្របំណុល ធៀបនឹងទ្រព្យសកម្មរបស់ក្រុមហ៊ុន (the company's debt-to-asset ratio) និងជួយបង្កើនមូលនិធិ ព្រមទាំងជួយធ្វើទំនើបកម្មយន្ដការសម្រេចចិត្តរបស់ខ្លួន។ លើសពីនោះទៀត ក្រុមហ៊ុនអាកាសចរណ៍មួយនេះសន្យាថា នឹងប្រើប្រាស់មូលនិធិទាំងនេះ ដើម្បីបម្រើដល់អាជីវកម្មដឹកជញ្ជូនផ្លូវអាកាស និងជួយចំណាយលើគម្រោងខ្សែក្រវ៉ាត់មួយ និងផ្លូវមួយរបស់ចិន (one belt one road) ព្រមទាំងជួយគាំទ្រការអភិវឌ្ឍអាកាសចរណ៍ នៅក្នុងទីក្រុងនានា នៅក្នុងខេត្តក្វាងទុងភាគខាងត្បូងផងដែរ។

គួរជម្រាបថា ក្រុមហ៊ុន China Southern Airlines គឺជាសហគ្រាសមួយក្នុងចំណោម ៩៦ សហគ្រាសផ្សេងទៀត ដែលគ្រប់គ្រងដោយរដ្ឋាភិបាលកណ្តាលចិនផ្ទាល់។ ប្រាក់ចំណេញរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះជិត ៥០% កាលពីឆ្នាំមុន ដោយសារការឡើងថ្លៃប្រេងឥន្ធនៈ និងរូបិយប័ណ្ណយ័ន៕