(តេហេរ៉ង់)៖ នាថ្ងៃសុក្រសប្តាហ៍នេះ កងកម្លាំងយោធាអ៊ីរ៉ង់ IRGC បានរឹបអូសកប៉ាល់ដឹកប្រេងអង់គ្លេសមួយគ្រឿងឈ្មោះ Stena Impero នៅឯតំបន់ច្រកសមុទ្រ Hormuz។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃ សៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩។

បើតាមសេចក្តីថ្លែងការណ៍របស់កងកម្លាំង IRGC កប៉ាល់ដឹកប្រេងអង់គេ្លស ត្រូវបានចាប់ឃាត់ទុក ដោយសារតែមិនគោរពច្បាប់ដែន សមុទ្រអន្តរជាតិ នៅពេលឆ្លងកាត់ច្រកសមុទ្រ Hormuz។ កប៉ាល់ Stena Impero ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដឹកជញ្ជូន Stena Bulk ដែលបានអះអាងមានមនុស្ស២៣នាក់នៅលើនោះ ហើយកប៉ាល់នេះមានគោលដៅឆ្ពោះទៅកាន់កំពង់ផែ Al Jubail របស់ប្រទេស អារ៉ាប៊ីសាអូឌីត។

គួរជម្រាបថា កន្លងទៅក្នុងខែកក្កដានេះ កងម៉ារីនរបស់អង់គ្លេស បានរឹបអូសកប៉ាល់ដឹកប្រេងអ៊ីរ៉ង់មួយគ្រឿង នៅឯច្រកសមុទ្រ Gibraltar ដោយទីក្រុងឡុងដ៍អះអាងថា មានគោលដៅដឹកប្រេងឆ្ពោះទៅប្រទេសស៊ីរី ដែលល្មើសនឹងទណ្ឌកម្មអន្តរជាតិ ហើយ កប៉ាល់អ៊ីរ៉ង់មួយនោះត្រូវបានរក្សាទុកមកទល់ពេលនេះ ទោះអ៊ីរ៉ង់បានទទូចទាមទារឲ្យដោះលែងយ៉ាងណាក៏ដោយ។

ទន្ទឹមគ្នានោះ អ៊ីរ៉ង់បានព្រមានថា បើមិនតាមសំណើខ្លួន ទីក្រុងតេហេរ៉ង់ក៏នឹងចាត់វិធានការស្រដៀងលើកប៉ាល់ដឹកប្រេងអង់គ្លេស ដែលធ្វើដំណើរ ឆ្លងកាត់ច្រកសមុទ្រ Hormuz ជាការសងសឹកផងដែរ។ ចាប់តាំងពីការរឹបអូសកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ អង់គ្លេសបាន ចល័តនាវាចម្បាំងឲ្យអមដំណើរកប៉ាល់ដឹកប្រេងរបស់ខ្លួន ដោយកន្លងមកមានសេចក្តីរាយការណ៍ថា ទូកល្បាតអ៊ីរ៉ង់បានព្យាយាម រារាំងការធ្វើដំណើរកប៉ាល់ដឹកប្រេងអង់គ្លេសម្តងរួចមកហើយ ប៉ុន្តែបានថយវិញព្រោះតែការព្រមានពីនាវាចម្បាំងដែលអមការពារ ។ យ៉ាងណាមិញ ឥឡូវក៏ធ្លោយឲ្យអ៊ីរ៉ង់ឃាត់ជាប់ ដែលទំនងមកពីមិនមាននាវាចម្បាំងនៅអមដំណើរ៕