(អង់ការ៉ា)៖ ក្រសួងការបរទេសតួកគី នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បាននិយាយថា ការសម្រេចចិត្តរបស់អាមេរិកក្នុងការចាប់ផ្តើមដក ប្រទេសតួកគីចេញពីកម្មវិធីអភិវឌ្ឍយន្តហោះចម្បាំង F-35 របស់អង្គកាណាតូ (NATO) គឺជា ទង្វើឯកតោភាគី ដែលអាចបំផ្លាញទំនាក់ទំនងរវាងប្រទេសទាំងពីរ និងមិនអាចស្តារឡើងវិញបានឡើយ។ នេះបើតាមករដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នាយប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្តដា ឆ្នាំ២០១៩។
ក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសតួកគី បានលើកឡើងដូច្នេះថា៖ «វិធានការបែបឯកតោភាគីនេះ ពុំបានផ្អែកលើស្មារតីសម្ព័ន្ធមិត្ត ឬមូលដ្ឋានស្របច្បាប់ នោះទេ»។ ដោយច្រានចោលនូវការអះអាងរបស់ក្រុងវ៉ាស៊ីនតោន ដែលថា ការទិញប្រព័ន្ធខែលមីស៊ីល S-400 របស់រុស្ស៊ី នឹងធ្វើឱ្យប្រព័ន្ធកម្មវិធីយន្តហោះ F-35 ចុះអន់ខ្សោយ ភាគីតួកគីតាមរយៈក្រសួងការបរទេសរបស់ខ្លួន បាននិយាយថា »វាជារឿងអយុត្តិធម៌ណាស់ក្នុងការដកតួកគីចេញពីកម្មវិធីអភិវឌ្ឍយន្ដហោះចម្បាំងបំបាំងកាយ F-35 នេះ»។
គួរបញ្ចាក់ថា ប្រទេសតួកគីដែលជាសមាជិកមួយក្នុងអង្គកាណាតូ (NATO) និងជាដៃគូអភិវឌ្ឍយន្តហោះចម្បាំងធុន F-35 ផងនោះ បានបញ្ជាទិញយន្តហោះធុននេះចំនួនជាង ១០០គ្រឿងពីសហរដ្ឋអាមេរិក ដែលបើតាមកិច្ចព្រមព្រៀង ប៉ុន្មានគ្រឿងដំបូងនឹងត្រូវប្រគល់មកឲ្យដល់ដៃតួកគី នៅប៉ុន្មានខែខាងមុខ។ ទន្ទឹមគ្នានេះ តួកគីក៏បានទិញប្រព័ន្ធខែលមីស៊ីល S-400 ពីប្រទេសរុស្សុ ដែលមានតម្លៃរហូតដល់ ២.៥ពាន់លានដុល្លារអាមេរិកផងដែរ។
ចំពោះមុខការគំរាមមិនឲ្យទទួលយកពីសំណាក់សហរដ្ឋអាមេរិក គ្រឿងបរិក្ខានៃប្រព័ន្ធមីស៊ីល S-400 ឈុតដំបូង ក៏ត្រូវបានចាប់ផ្តើមបញ្ជូនមកដល់មូលដ្ឋានទ័ព Murted ក្នុងទីក្រុងអង់ការ៉ា ជាបន្តបន្ទាប់ តាំងពីថ្ងៃសុក្រសប្ដាហ៍មុន។ ប្រការនេះ បានធ្វើឲ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន សម្រេចចិត្តដកតួកគីចេញកម្មវិធីអភិវឌ្ឍយន្ដហោះចម្បាំងបំបាំងកាយ F-35 ជាឯកតោភាគី ហើយថែមទាំងប្រកាសថា ខ្លួននឹងមិនលក់យន្តហោះចម្បាំង F-35 ទៅឲ្យទីក្រុងអង់ការ៉ាឡើយ៕