(ប៊ែលក្រេត)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អាកាសចរណ៍ លូហ្វថាន់សា (Lufthansa) នៃប្រទេសអាល្លឺម៉ង់ ដែលគ្រោងធ្វើដំណើរទៅកាន់ទីក្រុង ហ្វ្រែងហ្វឺត (Frankfurt) បានបង្ខំចិត្តចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានរដ្ឋធានីប៊ែលក្រេត (Belgrade) នៃប្រទេសស៊ែប៊ី ក្រោយរងការព្រមានថា មានគ្រាប់បែកផ្ទុកនៅលើយន្តហោះនោះ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩។

ទូរទស្សន៍រដ្ឋស៊ែប៊ីបានចេញផ្សាយថា អ្នកដំណើរសរុប ១៣០នាក់ និងក្រុមបម្រើការងារលើ​យន្តហោះ ០៥នាក់ត្រូវបានជម្លៀសចេញពីយន្តហោះភ្លាមៗ ក្រោយពីវាបានចុះចតដោយ​ជោគជ័យនៅឯអាកាសយានដ្ឋាន Belgrade របស់ប្រទេសអឺរ៉ុបមួយនេះ។ ជើងហោះហើរខាងលើនេះមានលេខសម្គាល់ LH 1411 បានចុះចតនាវេលាម៉ោង ៦៖១៥នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅអឺរ៉ុបខាងកើត) ក្រោយពីជនមិនស្គាល់អត្តសញ្ញាណ បានទូរស័ព្ទមកប្រាប់ថា នៅលើយន្តហោះមានគេដាក់បង្កៃគ្រាប់បែកហើយ។

គួរបញ្ជាក់ថា ក្រោយធ្វើការចុះចត និងជម្លៀសមនុស្សម្នាចេញអស់ មន្ត្រីប៉ូលិសជំនាញបាន​ពង្រាយកម្លាំងចូលទៅពិនិត្យយន្តហោះនោះភ្លាមៗតែម្តង ប៉ុន្តែគ្មានគ្រាប់បែក ឬវត្ថុសង្ស័យអ្វីនោះឡើយ។ ពេលនេះប៉ូលិសកំពុងស៊ើបអង្កេត រកជនដែលបានបង្ករឿងប្រឌិតនោះ ខណៈក្រោយមកទៀតជើងហោះហើរ ត្រូវបានអនុញ្ញាតបន្តហោះទៅកាន់ទីក្រុងហ្វ្រេងហ្វឺត ប្រទេសអាល្លឺម៉ង់ជាធម្មតាវិញ៕