(បរទេស)៖ បុរសជនជាតិអ៊ីស្រាអែលរហូតដល់ ១២នាក់ ត្រូវបានចាប់ខ្លួននាថ្ងៃពុធសប្តាហ៍នេះ ដោយសារការជាប់សង្ស័យពាក់ព័ន្ធ ករណីព្រួតគ្នារំលោភសេពសន្ធវៈលើនារីអង់គ្លេសម្នាក់ នៅឯទីក្រុងរីសត អាយ៉ាណាផា (Ayia Napa) នៃប្រទេសសាយព្រឺស (Cyprus) ស្ថិតនៅតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញរបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩។

ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីនារីខាងលើ ដែលមានវ័យត្រឹម ១៩ឆ្នាំ បានដាក់ពាក្យបណ្តឹងនៅស្ថានីយប៉ូលិសប្រចាំមូលដ្ឋាន នាព្រឹកថ្ងៃពុធសប្តាហ៍នេះដោយអះអាងថា ជនសង្ស័យទាំង ១២នាក់ បានធ្វើសកម្មភាពរំលោភលើរូបនាង នៅក្នុងសណ្ឋាគារមួយកន្លែងកាលពីយប់ថ្ងៃអង្គារ។ បើតាមប្រភពពីប៉ូលិស Cyprus ករណីនេះ កំពុងស្ថិតនៅដំណាក់កាលដំបូងនៃការស៊ើបអង្កេត ហើយមិនទាន់ច្បាស់មួយរយភាគរយនៅឡើយទេថា ជនសង្ស័យប៉ុន្មាននាក់ឲ្យប្រាកដ ដែលមានពាក់ព័ន្ធក្នុងអំពើរំលោភនេះ។

គួរជម្រាបថា ទីក្រុង Ayia Napa ដែលស្ថិតនៅតំបន់ឆ្នេរភាគអាគ្នេយ៍នៃប្រទេសដីកោះ Cyprus លើផ្ទៃសមុទ្រមេឌីទែរ៉ាណេ ជាកន្លែងដែលភ្ញៀវទេសចរជាពិសេសក្រុមយុវវ័យ ចូលចិត្តទៅទស្សនាកម្សាន្ត ដោយសារតែឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងការកម្សាន្ត ពេលរាត្រីដ៏រីករាយនៅទីនោះ៕