(អង់ការ៉ា)៖ សហរដ្ឋអាមេរិកនៅថ្ងៃពុធសប្ដាហ៍នេះ បានចាប់ផ្ដើមដំណើរការនីតិវិធី ដកតួកគីចេញពីកម្មវិធីអភិវឌ្ឍន៍យន្ដហោះចម្បាំងបំបាំងកាយ F-35 ហើយ បន្ទាប់ពីទីក្រុងអង់ការ៉ា ទទួលបានប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី។ ក្រៅពីតួកគីដែលជាសមាជិកអង្គការណាតូដែរនោះ ប្រទេសដែលចូលរួមជាមួយអាមេរិក ក្នុងកម្មវិធីអភិវឌ្ឍន៍យន្ដហោះចម្បាំង F-35 រួមមានដូចជា អង់គ្លេស អ៊ីតាលី ហូឡង់ កាណាដា អូស្ត្រាលី ដាណឺម៉ាក ន័រវែស អ៊ីស្រាអែល ជប៉ុន និងកូរ៉េខាងត្បូង។

បរិក្ខានៃប្រព័ន្ធមីស៊ីល S-400 ដំបូងត្រូវបានបញ្ជូនទៅដល់មូលដ្ឋានទ័ព Murted ក្នុងទីក្រុង អង់ការ៉ា កាលពីថ្ងៃសុក្រសប្ដាហ៍មុន បើទោះជាមានការព្រមានដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក ក៏ដោយ។ សហរដ្ឋអាមេរិកបានបង្ហាញពីក្ដីព្រួយបារម្ភរបស់ខ្លួន ជាច្រើនលើកប្រាប់តួកគីថា ប្រព័ន្ធ S-400 នឹងបំផ្លាញដល់យុទ្ធសាស្ត្រការពារដែនអាកាសអង្គការណាតូ ជាពិសេសគឺខ្លាចទីក្រុងម៉ូស្គូ ប្រមូលបានបច្ចេកវិទ្យាសំងាត់របស់ F-35 នៅពេលតួកគីប្រើប្រាស់យន្ដហោះចម្បាំងនេះ និងប្រព័ន្ធមីស៊ីលរុស្ស៊ីក្នុងពេលជាមួយគ្នា។

ប៉ុន្តែតួកគី មិនបានខ្វាយខ្វល់ពីការព្រមាន ឬក្ដីព្រួយបារម្ភរបស់អាមេរិកនោះទេ ដោយបញ្ជាក់ថា ការទិញ S-400 គឺជារឿងចំាបាច់សម្រាប់សន្តិសុខជាតិ។ តើហេតុអ្វីបានជាតួកគី ត្រូវតែទិញ S-400 ឱ្យខានតែបាន ហើយមិនព្រមទិញមីស៊ីលពីអាមេរិក ឬពីលោកខាងលិចដែលជាសម្ព័ន្ធមិត្តណាតូដូចគ្នា?

* តើប្រព័ន្ធ S-400 មានន័យដូចម្តេច និងសមត្ថភាពដល់កម្រិតណា?

S-400 ឬសមាជិកអង្គការណាតូហៅថា SA-21 Growler គឺជាប្រព័ន្ធមីស៊ីលការពារដែនអាកាស ផលិតឡើងដោយក្រុមហ៊ុនផលិតអាវុធរុស្ស៊ី Almaz-Antey។ S-400 ត្រូវបានអភិវឌ្ឍន៍បន្ថែម ចេញពីប្រព័ន្ធមីស៊ីល S-300 ហើយវាត្រូវបានរចនាឡើង ដើម្បីបាញ់កម្ទេចយន្ដហោះចម្បាំងរបស់អង្គការណាតូជាពិសេស, យន្ដហោះដ្រូន, មីស៊ីលព្រមទាំងការពារដែនអាកាស ពីការគំរាមកំហែងនានា។

ប្រព័ន្ធមីស៊ីលនេះដំណើរការ ដោយចែកចេញជាបួនដំណាក់កាលក្នុងនោះរួមមាន៖ យាន-រ៉ាដាចាប់ សញ្ញាវត្ថុសង្ស័យរយៈចំងាយឆ្ងាយ (៦០០គីឡូម៉ែត្រ), យានបញ្ជា, យាន-រ៉ាដាកំណត់គោលដៅ និងចុងក្រោយគឺយានបាញ់មីស៊ីល។

S-400 មានសមត្ថភាពបាញ់មីស៊ីលចេញ ៧២គ្រាប់ ហើយអាចបាញ់កម្ទេចគោលដៅចំនួន ៣៦ ក្នុងពេលតែមួយ ពោលគឺវាអាចបាញ់ទម្លាក់យន្ដហោះចម្បាំងនៅចំងាយអតិបរមា ៤០០គីឡូម៉ែត្រ និងមីស៊ីលនៅចំងាយជាង ៦១គីឡូម៉ែត្រ ក្នុងរយៈកម្ពស់ ២៧គីឡូម៉ែត្រ។ ប៉ុន្តែប្រព័ន្ធមីស៊ីលនេះ មិនដែលត្រូវបានគេធ្វើតេស្ដក្នុងស្ថានភាពជាក់ស្ដែង ឬក៏ក្នុងសង្រ្គាមណាមួយនៅឡើយទេ។

* ហេតុអ្វីបានជាតួកគីចង់បាន S-400 ខ្លាំងម្ល៉េះ?

តាមការពិតទៅមុនសម្រេចចិត្តទិញ S-400 ពីរុស្ស៊ី តួកគីក៏ធ្លាប់បានចរចាទិញប្រព័ន្ធមីស៊ីលពី ប្រទេសជាសមាជិកអង្គការណាតូដូចគ្នា ដូចជា បារាំង អ៉ីតាលី និងសហរដ្ឋអាមេរិក រួមទាំងពីចិន ផងដែរ ដើម្បីពង្រឹងសមត្ថភាពការពារដែនរបស់ខ្លួន។ កិច្ចចរចាទាំងនេះមិនបានទទួលផ្លែផ្កា អ្វីនោះទេ ខណៈទីក្រុងមួយចំនួននៅភាគខាងត្បូងនៃប្រទេសតួកគី រងការវាយប្រហារដោយ គ្រាប់មីស៊ីល ឬគ្រាប់រ៉ុក្កែត ផ្លោងចេញពីស៊ីរី ជាបន្តបន្ទាប់ កំឡុងឆ្នាំ២០១៦។

ប៉ុន្តែអ្វីដែលធ្វើឱ្យប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ ប្ដូរចិត្តចង់ទិញ S-400 គឺដោយសារតែ រដ្ឋប្រហារទម្លាក់រូបលោកមិនបានសម្រេចក្នុងឆ្នាំដដែលនោះ។ នៅកាលណោះយោធាបះបោរ បានប្រើប្រាស់យន្ដហោះចម្បាំងអាមេរិក F-16 និង F-4 ហោះពីលើទីក្រុងអង់ការ៉ា និងទីក្រុង អ៊ីស្ដង់ប៊ូល ជាទីដែលពួកគេបាញ់ប្រហារលើសភា និងវិមានប្រធានាធិបតីតួកគី ហើយសូម្បីតែលោក អឺដូហ្គាន់ ផ្ទាល់ក៏ប៊ិះបាត់បង់ជីវិតក្នុងការវាយប្រហារនេះដែរ។

ក្រោយរដ្ឋប្រហារនេះដែលបណ្ដាលឱ្យមនុស្ស ២៥០នាក់បាត់បង់ជីវិត ត្រូវបានបង្រ្កាប សហរដ្ឋអាមេរិក និងអឺរ៉ុបមិនបានថ្កោលទោសក្រុមអ្នកធ្វើរដ្ឋប្រហារឡើយ តែបែរជានាំគ្នារិះគន់ ការបង្រ្កាបក្រុមអ្នកបះបោរពីសំណាក់យោធារបស់លោក អឺដូហ្គាន់ ទៅវិញ។ ភាពអសកម្មរបស់ អាមេរិក និងអឺរ៉ុប បានធ្វើឱ្យតួកគី និងរុស្ស៊ីកាន់តែខិតជិតគ្នា រហូតដល់មានការបំពេញដំណើរ ទស្សនកិច្ចរបស់លោក អឺដូហ្គាន់ ទៅកាន់ទីក្រុងសេនភីធើស្បឺក (St Petersburg) ប្រទេសរុស្ស៊ី ហើយក្រោយដំណើរទស្សនកិច្ចនេះទៀតសោត ទីក្រុងអង់ការ៉ា បានបង្ហាញជាសាធារណៈពីបំណងទិញ S-400 ពីរុស្ស៊ីតែម្តង។

នៅឆ្នាំ២០១៧ តួកគីបានចុះកិច្ចព្រមព្រៀងមានតម្លៃ ២.៥ពាន់លានដុល្លារ ដើម្បីទិញ S-400 ពីរុស្ស៊ី រីឯក្រុមអ្នកជំនាញខ្លះយល់ថា ការទិញនេះគឺជាការសម្រេចចិត្តបែបនយោបាយ ដោយគ្រាន់តែតួកគីចង់បង្ហាញអាមេរិក និងអឺរ៉ុបពីឯករាជ្យភាព និងអធិបតេយ្យភាព នៃយុទ្ធសាស្ត្រការពារដែនអាកាសរបស់ខ្លួនប៉ុណ្ណោះ។

ចំណែកឯអ្នកជំនាញខ្លះទៀតយល់ថា ការទិញ S-400 គឺដោយសារតែលោក អឺដូហ្គាន់ យល់ថា ដើម្បីការពារខ្លួនលោកពីការធ្វើរដ្ឋប្រហារជាថ្មី ហើយអាវុធរបស់រុស្ស៊ី និងជាពិសេសមីស៊ីលជាវិធានការការពារដ៏ល្អបំផុត ខណៈសហរដ្ឋអាមេរិក និងអឺរ៉ុបហាក់ដូចជាព្រងើយចំពោះលោក ដែលជាមេដឹកនាំប្រទេសដ៏ខ្លាំងមួយក្នុងតំបន់ដែរនោះ។

* តើប្រទេសតួកគីចង់ចូលរួមផលិត S-400 និង S-500 ជាមួយរុស្ស៊ីនៅថ្ងៃអនាគត?

បើតាមបណ្ដាសារព័ត៌មានតួកគី ទីក្រុងអង់ការ៉ារំពឹងថា អាចចូលឆែកមើលបច្ចេកវិទ្យាខ្លះរបស់រុស្ស៊ី នៅពេលដែលខ្លួនទិញបាន S-400 ក៏ដូចជាអាចចូលរួមផលិតសមាសភាពនៃប្រព័ន្ធមីស៊ីលមួយនេះ ក៏ដូចជាប្រព័ន្ធមីស៊ីលរុស្ស៊ី S-500 នៅពេលអនាគត។ ប៉ុន្តែបើតាមព័ត៌មានក្រៅផ្លូវការ ទីក្រុងម៉ូស្គូបានបដិសេធសំណើតួកគី ដែលចង់ចូលឆែកឆេរប្រព័ន្ធកូដសំងាត់ និង settings របស់ S-400 ដោយខ្លាចក្រែងបច្ចេកវិទ្យាសំងាត់នេះ ធ្លាក់ទៅដល់ដៃអាមេរិក។

បន្ថែមពីលើនេះ ក្រោយលេចធ្លាយព័ត៌មានក្រៅផ្លូវការនេះដែរ ក្រុមអ្នកជំនាញមួយចំនួនតូច អះអាងថា ការទិញ S-400 គឺជាគម្រោងរបស់តួកគី និងសហរដ្ឋអាមេរិក ដោយប្រទេសទាំង ២ ដែលជាសមាជិកអង្គការណាតូតែមួយ ចង់ដោះរុះរើមើលបច្ចេកវិទ្យារុស្ស៊ី ដើម្បីសិក្សាស្រាវជ្រាវរកចំណុចខ្សោយ និងផលិតអាវុធថ្មីមួយ ដែលអាចកម្ទេចប្រព័ន្ធមីស៊ីលនេះតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ក្រៅពីតួកគី ចិន និងឥណ្ឌា ក៏បានបញ្ជា និងទិញប្រព័ន្ធមីស៊ីល S-400 ផងដែរ ស្របពេលប្រទេសចំនួន ១៣ផ្សេងទៀតក្នុងនោះរួមមានទាំង អារ៉ាប៊ីសាអូឌីត ត្រូវបានគេរាយការណ៍ថា ក៏មានចំណាប់អារម្មណ៍លើ S-400 ដែរ។ ដូច្នេះហើយ ទើបសហរដ្ឋអាមេរិកបង្កើតច្បាប់ថ្មីមួយ មានគោលដៅដាក់ទណ្ឌកម្មលើបណ្ដាប្រទេសទាំងឡាយណា ដែលទិញអាវុធពីរុស្ស៊ី៕

ប្រភព៖ សារព័ត៌មានអាល្លឺម៉ង់ DW (ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩)