(តូត្យូ)៖ មនុស្សម្នាក់បានស្លាប់ និង៣៧នាក់ទៀត រងរបួសនៅក្នុងហេតុការណ៍អគ្គីភ័យ ឆាបឆេះស្ទូតឌីយ៉ូ របស់ក្រុមហ៊ុនផលិតគំនូរជីវចល ក្នុងទីក្រុង Kyoto ភាគខាងលិច ប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន NHK នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩។

យោងតាមក្រុមអ្នកពន្លត់អគ្គីភ័យ ភ្លើងបានឆាបឆេះ ស្ទូតឌីយ៉ូរបស់ក្រុមហ៊ុន Kyoto Animation នៅម៉ោងប្រមាណជាង១០៖៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានសំឡេង ផ្ទុះកើតឡើង។ ក្រុមពន្លត់អគ្គិភ័យនៅតែបន្តប្រតិបត្តិការរបស់ពួកគេនៅឡើយ ខណៈមិនមាន ភ្លើងឆាបឆេះរាលដាលដល់អាគារក្បែរខាងនោះឡើយ។

គួរបញ្ជាក់ថា មូលហេតុនៃអគ្គីភ័យនេះ មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ ស្របពេល ការស៊ើបអង្កេតកំពុងធ្វើឡើង លើបុរសម្នាក់ដែលត្រូវបានអាជ្ញាធរជប៉ុនចាប់ខ្លួន៕