(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃអង្គារសប្ដាហ៍នេះ បានប្រកាសដាក់ទណ្ឌកម្មលើ អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងហ្លេង (Min Aung Hlaing) និងថ្នាក់ដឹកនាំយោធាជាច្រើននាក់ទៀត ដោយហាមឃាត់ពួកគេ ធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៩។

ក្រៅពីលោក Min Aung Hlaing ការសម្រេចចិត្តដាក់ទណ្ឌកម្មនេះក៏ត្រូវអនុវត្តន៍ផងដែរ ថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ាជាន់ខ្ពស់បីរូបទៀត ក្នុងនោះរួមមានលោក សឿ វីន (Soe Win) ព្រមទាំងក្រុមគ្រួសាររបស់មន្ត្រីយោធាទាំងនេះ ដែលសុទ្ធសឹងតែជាប់បម្រាម មិនឲ្យចូលមកក្នុងសហរដ្ឋអាមរិក។ បន្ថែមពីខាងលើនេះ ការដាក់ទណ្ឌកម្មនេះទៀតសោត គឺជាការឆ្លើយតបរបស់សហរដ្ឋអាមេរិក ទៅនឹងការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោន ទៅលើភាពអសកម្ម និងកង្វះទំនួលខុសត្រូវក្នុងការទប់ស្កាត់ការធ្វើទុក្ខបុកម្នេញ និងសម្លាប់ជនជាតិដើមភាគរ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

គួរជម្រាបថា ការប្រកាសដាក់ទណ្ឌកម្មខាងលើ ធ្វើឡើងចំពេលនៃសន្និសីទអន្តរជាតិថ្នាក់ រដ្ឋមន្ត្រីស្ដីពីសេរីភាពជំនឿ រៀបចំឡើងដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ ក្រោមការចូលរួមពីតំណាងជនជាតិដើមរ៉ូហ៊ីងយ៉ា នៅឯក្រសួងការបរទេសអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ។ កាលពីឆ្នាំ២០១៧ យោធាមីយ៉ាន់ម៉ា ដោយផ្អែកលើការបង្រ្កាបក្រុមភេរវករ បានដឹកនាំប្រតិបតិ្តការយោធានៅក្នុងរដ្ឋ រ៉ាឃីន (Rakhine)។ ប៉ុន្តែប្រតិបត្តិការយោធានេះ ត្រូវបានក្រុមឃ្លាំមើលអន្តរជាតិចោទប្រកាន់ថា បានបណ្ដាលឱ្យជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់បាត់បង់ជីវិត និងច្រើនជាង ៧៣០,០០០នាក់ រត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស ទាំងលំបាកវេទនាបំផុត។

ចំណែកឯក្រុមអ្នកជំនាញ UN បានចាត់ទុកប្រតិបត្តិការយោធានេះថា មានចេតនាបោស សំអាតពូជសាសន៍រ៉ូហ៊ីងយ៉ា និងជាទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ប៉ុន្តែក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិបានបរាជ័យអនុម័តសេចក្ដីថ្លែងការណ៍ថ្កោលទោស និងចាតវិធានការ ឆ្លើយតបជាច្រើនលើកដោយសារ កាលណោះមានការជំទាស់ពីប្រទេសរុស្ស៊ី និងចិន ដែលសុទ្ធតែជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ UN ដែលមានអំណាចលើបញ្ហានេះ៕