(ម៉ុមបៃ)៖ អាជ្ញាធរឥណ្ឌានាថ្ងៃពុធនេះបានឲ្យដឹងថា ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍បាក់រលំអគារនៅទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌា បានកើនឡើងដល់១៤នាក់ហើយ ខណៈមនុស្ស០៨នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយ០២នាក់ ទើបតែបានចាកចេញពីមន្ទីពេទ្យបន្ទាប់ពីពួកគេបានទទួលការព្យាបាលរួចរាល់។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នារសៀលថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៩។

ចំណែកឯ មនុស្សជាច្រើននាក់ផ្សេងទៀតត្រូវបានគេព្រួយបារម្ភថា នៅតែកំពុងជាប់ខ្លួននៅខាងក្រោមគំនរអគារដដែល ស្របពេលដែលម៉ាស៊ីន និងឧបករណ៍ជួយសង្គ្រោះធំៗ មិនទាន់អាចយកទៅដល់កន្លែងកើតហេតុបាននៅឡើយទេ ដោយសារ តែផ្លូវទៅកាន់ទីនោះ មានលក្ខណៈតូចចង្អៀតពេក។ ហេតុនេះហើយ ចំនួនអ្នកស្លាប់ទំនងជានឹងកើនឡើងបន្ថែមទៀត។

គួរជម្រាបថា មានកងកម្លាំងជួយសង្រ្គោះចំនួនបីក្រុម ដែលមកពីទីភ្នាក់ងារឆ្លើយតបគ្រោះមហន្តរាយជាតិឥណ្ឌា បានចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះនេះ។ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ អាជ្ញាធរប្រចាំតំបន់កើតហេតុ ក៏បានបង្គាប់ឲ្យអ្នកដែលរស់នៅក្បែរអគារដែលដួលរលំនោះ ជម្លៀសខ្លួនចេញមួយរយៈពេលសិនផងដែរ។

អភិបាលរដ្ឋម៉ាហារ៉ាហ្សត្រា (Maharashtra) គឺលោក ដេវិនដ្រា ហ្វេតណាវីស (Devendra Fadnavis) បានប្រាប់ក្រុមអ្នកយកព័ត៌មានថា «យើងបានផ្តល់ការអនុញ្ញាតក្នុងការអភិវឌ្ឍតំបន់នោះឡើងវិញ។ តែទោះជាយ៉ាងណា យើងនឹងជូនដំណឹងតាមក្រោយ បើមានការប្រែប្រួលណាមួយ។ ឥឡូវនេះអ្វីដែលសំខាន់បំផុត គឺការជួយសង្គ្រោះមនុស្សដែលកំពុងតែជាប់ខ្លួនពីក្រោមគំនរអគារនេះ ជាមុនសិន»។

គួររំលឹកថា អគារកម្ពស់៤ជាន់ខាងលើស្ថិតនៅតំបន់ ដុនគ្រី (Dongri) នៃទីក្រុងម៉ុមបៃ Mumbai ខណៈនៅពេលដួលរលំត្រូវ គេ សង្ស័យថា វាបានសង្កត់មនុស្សពី៤០ទៅ៥០នាក់នៅក្រោមនោះ។ ហេតុការណ៍ដួលរលំ អគារស្រដៀងៗគ្នានេះ រមែងកើតមាន ឡើង ជាញឹកញាប់ នៅក្នុងប្រទេសឥណ្ឌា ដែលបានបណ្តាលមកពីគ្រោះធម្មជាតិ ការសាងសង់ខុសបច្ចេកទេស និងភាពចាស់ទ្រុឌទ្រោមជាដើម៕