(វ៉ាស៊ីនតោន)៖ កងទ័ពអាកាសអាមេរិកបានព្រមានមិនឲ្យមានជនស៊ីវិល ឬជនសាមញ្ញ ទៅក្បែរមូលដ្ឋានយោធា «Area 51 ឬហៅថា តំបន់៥១» ឡើយ បន្ទាប់ពីមានការបំផុសបំផុលចង់សម្រុកចូលទៅក្នុងទីតាំងនោះ ដើម្បីបានដឹងអំពីអាថ៌កំបាំង ដែលគ្រប់គ្នាងឿងឆ្ងល់រាប់ទសវត្សរ៍មកហើយនេះ។

មកទល់ពេលនេះ អ្នកប្រើប្រាស់បណ្តាញសង្គមអាមេរិកប្រមាណជាងមួយលាននាក់ បានចុះឈ្មោះថា នឹងចូលរួមព្រឹត្តិការណ៍មួយនៅលើ Facebook ដែលជាផែនការរៀបចំប្រមូលផ្តុំគ្នា ដើម្បីចូលលុកលុយបន្ទាយសំខាន់ខាងលើ ស្ថិតនៅក្នុងរដ្ឋ ណេវ៉ាដា (Nevada) ដែលមនុស្សមួយចំនួនជឿថា ជាកន្លែងដែលរដ្ឋាភិបាលអាមេរិក លាក់ទុកអាថ៌កំបាំងផ្សេងៗពីពិភពលោក រួមមានពួកអេលៀន (Aliens) ជាដើម។

យោងតាមព្រឹត្តិការណ៍ហៅថា «Storm Area 51, They Can't Stop All of Us» ដែលគេបង្កើតឡើងនៅលើ Facebook ផែនការនោះគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកញ្ញាខាងមុខ ខណៈមានមនុស្សដល់ទៅប្រមាណ ១.៤លាននាក់ បានចុះឈ្មោះថានឹងទៅ ចូលរួម។ យ៉ាងណាមិញ អ្នកនាំពាក្យទ័ពអាកាសអាមេរិកបានចេញមុខហាមមិនឲ្យ ជនសាមញ្ញ មកក្បែរមូលដ្ឋាន Area 51 ជាដាច់ខាត ព្រោះវាជាមូលដ្ឋានយោធា។

គួរជម្រាបថា ដោយសារតែភាពអាថ៌កំបាំងនៃមុខងាររបស់បន្ទាយយោធានេះ មនុស្សមួយចំនួនបានគិតថា រដ្ឋាភិបាលអាមេរិកតាមពិតមានព័ត៌មានទាក់ទងនឹងអេលៀន ព្រមទាំងយាន UFO ជាដើម ដែលពួកគេព្យាយាមបិទបាំងមិនឲ្យប្រជាជនទូទៅដឹង ខណៈការសង្ស័យទាំងនេះ គឺបានកើតមានមកតាំងតែពីរាប់ទសវត្សរ៍ម្ល៉េះ ខណៈឥឡូវស្រាប់តែមានការផុសផុល ចង់សម្រុកចូលទៅកាន់ទីនោះ។

Area 51 គឺជាផ្នែកនៃមូលដ្ឋានយោធាទ័ពអាកាស Edwards។ បើតាមផ្លូវការ Area 51 ត្រូវរដ្ឋាភិបាលអាមេរិកហៅថា «ទីតាំងធ្វើតេស្ត និងហ្វឹកហ្វឺន Nevada» ខណៈគោលដៅចម្បងពិតប្រាកដរបស់វា គឺមិនត្រូវបានដឹងជាសាធារណៈឡើយ ដែលមិនសូវខុសអ្វីពីមូលដ្ឋានទ័ពឯទៀតៗ នៅទូទាំងសហរដ្ឋអាមេរិកឡើយ៕

ប្រភព៖ សារព័ត៌មាន BBC (ថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៩)