(វ៉ាស៊ីនតោន)៖ ថ្ងៃអង្គារសប្តាហ៍នេះដែលត្រូវនឹងថ្ងៃទី១៦ ខែកក្កដា គឺជាថ្ងៃដែលមនុស្សលោកយើង បានបង្កើតប្រវត្តិសាស្រ្តដ៏ សែនអស្ចារ្យបំផុតក្នុងវិស័យអវកាស តាមរយៈបេសកកម្មជាន់ដីឋានព្រះច័ន្ទ Apollo 11 របស់ទីភ្នាក់ងារអវកាសអាមេរិក NASA កាលពី ៥០ឆ្នាំមុន។

ក្នុងឱកាសខួបនៃព្រឹត្តិការណ៍ប្រវត្តិសាស្រ្តខាងលើនេះ លោក ម៉ៃឃើល ខូលលីនស៍ (Michael Collins) ដែលជាអវកាសយានិកនៃបេសកកម្ម Apollo 11 បានត្រឡប់ទៅកាន់កន្លែងបាញ់គ្រាប់រ៉ុក្កែត ដែលស្ថិតក្នុងមជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការ NASA គឺជាទីដែលលោកបានចាកចេញពីផែនដី កាលពីឆ្នាំ១៩៦៩ ដើម្បីឆ្ពោះទៅកាន់ព្រះច័ន្ទ ជាមួយអវកាសយានិកពីររូបទៀត គឺលោក ណែល អាមស្ត្រង (Neil Armstrong) និង លោក ប៊ូសអាល់ឌ្រីន (Buzz Aldrin) ដោយលោក Armstrong បានទទួលមរណភាពកាលពីឆ្នាំ២០១២។

លោក Buzz ក៏បានគ្រោងនឹងមករំលឹកអនុស្សាវរីយ៍នៅទីតាំងខាងលើដែរ ប៉ុន្តែត្រូវខកខានវិញ។ ឥឡូវនេះទាំងលោក Collins និងលោក Aldrin សុទ្ធតែមានវ័យជិត ៩០ឆ្នាំអស់ហើយ។ កំឡុងបេសកកម្ម Apollo 11 ដែលមានរយៈពេលប្រមាណមួយសប្តាហ៍ លោក Collins បានស្ថិតក្នុងគន្លងអវកាសរបស់ព្រះច័ន្ទ ស្របពេលដែលលោក Armstrong និង លោក Aldrin គឺជាមនុស្សពីររូបដំបូងគេ ដែលបានឈានជើងជាន់លើផ្ទៃព្រះច័ន្ទ។

សម្តីនៅពេលលោក Armstrong បានដាក់ជើងជាន់នៅលើនោះ និងត្រូវមនុស្សគ្រប់រូបចងចាំរហូតមកទល់សព្វថ្ងៃ គឺ «that's one small step for man, one giant leap for mankind» ដែលមានន័យជាភាសាខ្មែរថា «កាឈានមួយជំហានខ្លីនេះរបស់មនុស្សម្នាក់ គឺប្រៀបដូចជាការលោតផ្លោះដ៏ធំមួយ សម្រាប់មនុស្សជាតិយើងទាំងមូល»

គួរជម្រាបថា បច្ចុប្បន្នទីភ្នាក់ងារអវកាស NASA កំពុងមានគោលដៅបញ្ជូនអវកាសយានិកសាជាថ្មីម្តងទៀត ឡើងឆ្ពោះទៅកាន់ ឋានព្រះច័ន្ទនៅឆ្នាំ២០២៤ ប៉ុន្តែវាមិនមែនដើម្បីគ្រាន់តែបន្សល់ទុកដានជើង ដូចមុននោះឡើយ ដោយសហរដ្ឋអាមេរិក និងប្រទេសជាដៃគូនឹងយកព្រះច័ន្ទជាស្ថានីយ Transit ដើម្បីត្រៀមខ្លួនឆ្ពោះទៅកាន់ទីឋានផ្សេងៗទៀត ជាពិសេសគឺភពអង្គារតែម្តង៕

ប្រភព៖ សារព័ត៌មាន CNA (ថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៩)