(ប៉េកាំង)៖ សហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាដាក់ទណ្ឌកម្មលើចិន នៅក្នុង ករណីដែលទីក្រុងប៉េកាំង បន្តទិញប្រេងពីអ៉ីរ៉ង់។ ប៉ុន្តែ អ្នកជំនាញខ្លះយល់ថាការដាក់ ទណ្ឌកម្មនេះ ក៏អាចនឹងជះឥទ្ធិពលអវិជ្ជមានវិញដល់ទីក្រុងវ៉ាស៊ីនតោនដែរ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០១៩។

សេតវិមាន ធ្លាប់បានបញ្ជាក់ថាសកម្មភាពបច្ចុប្បន្នរបស់ចិន កំពុងបំផ្លាញដល់វិធានការដាក់ ទណ្ឌកម្មអាមេរិកប្រឆាំងអ៉ីរ៉ង់ ខណៈក្រសួងការបរទេសចិនបានទាត់ចោលការចោទប្រកាន់ នេះ ហើយអះអាងថាការធ្វើពាណិជ្ជកម្មជាមួយអ៉ីរ៉ង់ គឺធ្វើឡើងដោយស្របច្បាប់។

ដោយឡែក សាស្ត្រាចារ្យមកពីវិទ្យាស្ថានសៀងហៃ សម្រាប់ការសិក្សាអន្តរជាតិ លោក Li Weijian យល់ថា បើសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើចិនមែន នោះអាមេរិកខ្លួនក៏ត្រូវរងផល ប៉ះពាល់ដែរ ព្រោះចិន នឹងមិននៅស្ងៀមឡើយ ដោយមុខជានឹងចាត់វិធានការសងសឹកវិញ ដូចដែលធ្លាប់បានធ្វើនៅក្នុង សង្រ្គាមពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន។

គួរជម្របថា ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំរបស់អ៉ីរ៉ង់ ជាពិសេសនៅក្នុងវិស័យប្រេង ដោយកាលពីខែមេសាកន្លងទៅ ចិនបាននាំចូលប្រេង ៩១៣,០០០បារែលក្នុងមួយ ថ្ងៃពីទីក្រុងតេហេរ៉ង់ បើទោះជាមានការគំរាមដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក ក៏ដោយ៕