(ឥណ្ឌា)៖ គ្រោះទឹកជំនន់បានបង្ខំឲ្យប្រជាជនជាង ០៤លាននាក់ជម្លៀសចេញពីលំនៅឋានរបស់ពួកគេ នៅទូទាំងប្រទេសឥណ្ឌា នេប៉ាល់ និងបង់ក្លាដែសស្ថិតនៅតំបន់អាស៊ីខាងត្បូង ហើយមនុស្សសរុបជាង ១០០នាក់ផ្សេងទៀតបានបាត់បង់ជីវិត ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងពេកនៅដើម រដូវខ្យល់មូសុងដ៏កាចសាហាវនៅឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន Reuters នាល្ងាចថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០១៩។

រដ្ឋអាស្សាម (Assam) និងរដ្ឋប៊ីហារ (Bihar) របស់ប្រទេសឥណ្ឌា គឺជារដ្ឋពីរដែលស្ថិតក្នុងចំណោមរដ្ឋ ដែលបានរងគ្រោះធ្ងន់ធ្ងរជាងគេ។ យោងតាមរបាយការណ៍របស់រដ្ឋាភិបាលឥណ្ឌាកាលពីថ្ងៃចន្ទសប្តាហ៍នេះ បានឱ្យដឹងថា នៅរដ្ឋអាស្សាម មនុស្សប្រហែល ៤.៣លាននាក់ត្រូវបានជម្លៀសចេញពីលំនៅឋាន ក្នុងកំឡុងពេល ១០ថ្ងៃចុងក្រោយនេះ ដោយសារតែទឹកជំនន់កាន់តែកើនឡើងខ្លាំងទៅៗ។

គួរកត់សម្គាល់ថា គ្រោះទឹកជំនន់នៅអាស៊ីខាងត្បូង តែងបណ្តាលឱ្យមានការផ្លាស់ទីលំនៅ និងស្លាប់មនុស្សជារៀងរាល់ឆ្នាំ។ ដោយឡែកចំនួនអ្នកស្លាប់ និងការខូចខាតនៅឆ្នាំនេះ ទំនងជានឹងកើនឡើងថែមទៀត នៅពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ គួររំលឹកដែរថា ទឹកជំនន់នៅក្នុងប្រទេសនេប៉ាល់ ឥណ្ឌា និងបង់ក្លាដែស កាលពីឆ្នាំ២០១៧ បានបង្កឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ ៨០០នាក់ និងបានបំផ្លាញដំណែដំណាំ និងផ្ទះសម្បែងជាច្រើនខ្នង។

អភិបាលរដ្ឋអាស្សាម (Assam) បានប្រាប់ក្រុមអ្នកយកព័ត៌មានថា «ស្ថានភាពទឹកជំនន់បានប្រែកាន់តែអាក្រក់ទៅៗហើយ ដោយមានស្រុកចំនួន ៣១ហើយ ក្នុងចំណោម ៣២ស្រុករបស់រដ្ឋនេះ ដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់»។ លោកក៏បានបន្ថែមទៀតថា អាជ្ញាធរកំពុងប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាទឹកជំនន់នេះ។

គួរបញ្ជាក់ថា រដ្ឋអាស្សាមដែលត្រូវបានគេស្គាល់ថា ជាតំបន់ដំណាំឧស្សាហកម្មច្រើនជាងគេ​តែមួយគត់នៅឥណ្ឌា បានទទួលរងការវាយប្រហារដោយទឹកជំនន់ជារៀងរាល់ឆ្នាំ ហើយអាជ្ញាធរប្រចាំរដ្ឋនេះ បានចំណាយប្រាក់រាប់លានរូពីលើការដោះស្រាយបញ្ហា គ្រោះទឹកជំនន់។ ចំណែកឯ នៅប្រទេសនេប៉ាល់ឯណោះវិញ មានមនុស្សស្លាប់យ៉ាងហោចណាស់ ៦៤នាក់ ខណៈ៣១នាក់ផ្សេងទៀត​បាត់ខ្លួន ដោយសារគ្រោះទឹកជំនន់ និងបំណាក់ដី។

ដោយឡែក នៅប្រទេសបង់ក្លាដេស បើតាមមន្រ្តីរដ្ឋាភិបាលបានឲ្យដឹងថា នៅក្នុងគ្រោះទឹកជំនន់ឆ្នាំនេះ បានបង្ខំឲ្យមនុស្សប្រមាណ ១៩០,០០០នាក់ ត្រូវចាកចេញពីលំនៅឋានរបស់ពួកគេ។ លើសពីនោះទៀតតំបន់មួយនៅបង់ក្លាដែស ដែលជាទី ជម្រករបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលបានភៀសខ្លួនពីអំពើហិង្សានៅប្រទេសមីយ៉ាន់ម៉ា ក៏ទទួលរងគ្រោះធម្មជាតិនេះដែរ ដោយមានមនុស្សជាងមួយសែននាក់ហើយ ត្រូវបានជម្លៀសចេញជំរុំរបស់ពួកគេ។

តាមរយៈអង្គការឃ្លាំមើលសិទិ្ធមនុស្ស បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ចាប់តាំងពីដើមខែកក្កដាកន្លងមកនេះ គ្រោះទឹកជំនន់ និងការរអិលបាក់ដីបានបំផ្លិចបំផ្លាញផ្ទះសំបែង រាប់ពាន់កន្លែងនៅជំរុំជនភៀសខ្លួន និងបានសម្លាប់មនុស្សពីរនាក់ ក្នុងនោះមានក៏កុមារម្នាក់ផងដែរ៕