(ប៉េកាំង)៖ អាជ្ញាធរចិននៅដើមសប្តាហ៍នេះបានបង្ហើបឲ្យដឹងថា ស្ថាប័នការពារសុវត្ថិភាពសាធារណៈរបស់ខ្លួន នៅភាគខាងកើតខេត្តសានទុង (Shandong) បានរកឃើញករណីគ្រឿងញៀនមួយ ដែលមានជាប់ពាក់ព័ន្ធនឹងនិស្សិតបរទេស ក្នុងនោះក៏មានទាំងនិស្សិតកាណាដាផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានស៊ីនហ៊ួ នារសៀលថ្ងៃអង្គារ៍ ទី១៦ ខែកក្តដា ឆ្នាំ២០១៩។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ជែង ហ្ស័ង (Geng Shuang) បានឲ្យដឹងថា អាជ្ញាធរប៉ូលីសនៅក្នុងខេត្តសានទុង បាននិងកំពុងតែស៊ើបអង្កេតករណីគ្រឿងញៀនមួយ ដែលជាប់ពាក់ព័ន្ធនឹងនិស្សិតបរទេស ហើយថាម្នាក់ក្នុងចំណោមពួកគេ គឺជាពលរដ្ឋកាណាដា។

លោក ជែង ហ្ស័ង បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ករណីនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។ អាជ្ញាធរសុវត្តិភាពសាធារណៈក៏បានធ្វើការជូនដំណឹងនេះ ទៅកាន់បណ្តាស្ថានទូត នៃប្រទេសដែលពាក់ព័ន្ធទាំងអស់ តាមរយៈស្ថានកុងស៊ុលនានានៅក្នុងខេត្ត»។ អ្នកនាំពាក្យចិនបានបន្ថែមទៀតថា «ភាគីចិន គឺគោរពសិទ្ធិ និងផលប្រយោជន៍របស់អ្នកដែលពាក់ព័ន្ធស្របតាមផ្លូវច្បាប់»

គួរបញ្ជាក់ថា បទល្មើសគ្រឿងញៀននៅក្នុងប្រទេសចិន ត្រូវចាត់ចូលទៅក្នុងបទល្មើសព្រហ្មទណ្ឌ ហើយអាចមានទោសរហូតដល់ប្រហារជីវិត និងជាប់គុកអស់មួយជីវិត ទៅតាមបទល្មើសជាក់ស្តែង ក្រោយការស៊ើបអង្កេត។ នាពេលកន្លងមកនេះ ក៏មានជនបរទេសមួយចំនួនផងដែរ ត្រូវបានតុលាការចិនផ្តន្ទាទោសប្រហារជីវិត ពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មគ្រឿងញៀន ដែលត្រូវបានប្រព្រឹត្តក្នុងទឹកដីចិន៕