(ញូយ៉ក)៖ ប្រជាជនច្រើនជាង ៨២១លាននាក់ បានរងផលប៉ះពាល់ពីគ្រោះទុរភិក្ស ឬគ្រោះអត់ឃ្លាន នៅទូទាំងពិភពលោកកាលពីឆ្នាំ២០១៨ ហើយវាក៏ជាឆ្នាំទី៣ ដែលចំនួននេះបន្តកើនឡើងផងដែរ។ នេះបើតាមអង្គការសហប្រជាជាតិ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០១៩។

នៅក្នុងរបាយការណ៍ចេញផ្សាយនៅថ្ងៃចន្ទ សប្ដាហ៍នេះ អង្គការសហប្រជាជាតិបានបញ្ជាក់ទៀតថា បន្ទាប់ពី ធ្លាក់ចុះអស់រាប់ទសវត្ស បញ្ហាគ្រោះទុរភិក្ស ព្រមទាំងកង្វះអាហារូបត្ថម្ភ បានចាប់ផ្ដើម កើនឡើងជាថ្មីចាប់តាំងពីឆ្នាំ២០១៥មក។ គ្រោះទុរភិក្ស គឺបង្កឡើងជាពិសេស ដោយសារ បម្រែបម្រួលអាកាសធាតុ និងសង្រ្គាម ខណៈអង្គការសហប្រជាជាតិ បានដាក់គោលដៅលុបបំបាត់ បញ្ហាទាំងនេះនៅត្រឹមឆ្នាំ២០៣០។

ប៉ុន្តែ នាយកកម្មវិធីស្បៀងអាហារពិភពលោក លោក David Beasley យល់ឃើញថាការលុប បំបាត់គ្រោះអត់ឃ្លានឱ្យនៅកម្រិតសូន្យនៅឆ្នាំ២០៣០ ទំនងជានឹងមិនអាចសម្រេចបានឡើយ។

គួរបញ្ជាក់ថា បើតាម លោក David Beasley បើគ្មានសន្តិសុខផ្នែកចំណីអាហារ នោះក៏គ្មាន សន្តិភាព និងស្ថេរភាពដែរ ហើយលោកពិតជាមានការសោកស្ដាយជាខ្លាំង ដែលប្រព័ន្ធផ្សព្វផ្សាយធំៗ ចុះផ្សាយតែពីរឿងចាកចេញពីសហភាពអឺរ៉ុប ឬ Brexit របស់ចក្រភពអង់គ្លេស និងលោក ដូណាល់ ត្រាំ ជាជាងនិយាយពីកុមារកំពុងប្រឈមមុខនឹងគ្រោះអត់ឃ្លាន៕