(ប៉េកាំង)៖ កាលពីថ្ងៃទី២៣ ខែមករា កន្លងទៅ មេដឹកនាំគណបក្សប្រឆាំង លោក Juan Guaido បានប្រកាសតែងតាំងខ្លួនឯង ជាប្រធានាធិបតីស្ដីទីវេណេស៊ុយអេឡា ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីសហរដ្ឋអាមេរិក និងបណ្ដាប្រទេសច្រើនជាង៥០ផ្សេងទៀត។

ប៉ុន្តែមេបក្សប្រឆាំងវ័យ៣៥ឆ្នាំរូបនេះ បានបរាជ័យក្នុងការទម្លាក់ប្រធានាធិបតី វេណេស៊ុយអេឡាបច្ចុប្បន្ន លោក នីកូឡាស់ ម៉ាឌូរ៉ូ ចេញពីអំណាច ហើយបរាជ័យ នេះទៀតសោត ត្រូវបានក្រុមអ្នកជំនាញខ្លះមើលឃើញថា ដោយសារតែរុស្ស៊ី ជាពិសេសគឺចិននៅតែធ្វើជាខ្នងបង្អែកដ៏ធំរបស់លោក ម៉ាឌូរ៉ូ។

* ហេតុអ្វីបានជាវេណេស៊ុយអេឡារបស់លោក ម៉ាឌូរ៉ូ សំខាន់សម្រាប់ចិន?

ខណៈទីក្រុងប៉េកាំង គឺជាដៃគូសេដ្ឋកិច្ច និងនយោបាយមិនអាចខ្វះបានសម្រាប់ទីក្រុង ការ៉ាកាស់ ប្រជាជាតិអាមេរិកឡាទីមួយនេះក៏មានសារៈសំខាន់បំផុតសម្រាប់ចិនដែរ។ ចិន បានចាត់ទុកវេណេស៊ុយអេឡា ដែលសម្បូរទៅដោយធនធានប្រេងជាដៃគូពាណិជ្ជកម្ម និង សម្ព័ន្ធមិត្តយុទ្ធសាស្ត្រ ដើម្បីប្រជែងផ្នែកនយោបាយ និងសេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរិក។

ជាក់ស្ដែងតាមរយៈការវិនិយោគប៉ុន្មានឆ្នាំចុងក្រោយនេះរបស់ចិន បានធ្វើឱ្យ វេណេស៊ុយអេឡាក្លាយជាសមាសភាពមួយដ៏សំខាន់ នៅក្នុងអនាគតនៃការរីកចំរើនសេដ្ឋកិច្ច ចិន និងសន្តិសុខផ្នែកថាមពល។ ចាប់ពីឆ្នាំ ២០០០ រហូតដល់ឆ្នាំ២០១៨ ទំហំពាណិជ្ជម្ម ដោយផ្ទាល់របស់ចិន បានកើនដល់ច្រើនជាង ៦ពាន់លានដុល្លារ ខណៈកម្ចីជាពិសេសផ្ដោតលើវិស័យប្រេង ដែលចិនផ្ដល់ឱ្យវេណេស៊ុយអេឡា មានរហូតដល់ច្រើនជាង ៦០ពាន់លានដុល្លារ។

* ហេតុអ្វីបានជាចិនមិនទុកចិត្ត លោក Juan Guaido?

បើទោះជាមានការខាតបង់សេដ្ឋកិច្ចខ្លះក៏ដោយ ក៏ចិននៅតែបន្តគាំទ្ររដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ដដែលមកទល់ពេលនេះ។ ហេតុផលផ្លូវការដែលនៅពីក្រោយការគាំទ្រនេះ គឺរដ្ឋាភិបាលចិន មិនចង់លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់បណ្ដាប្រទេសដទៃ តែវាមិនមែនមានន័យថា ចិនសុខចិត្តឱ្យសេដ្ឋកិច្ចរបស់ខ្លួនខាតបង់ទទេនោះដែរ។

ដោយឡែក បើនិយាយពីហេតុផលក្រៅផ្លូវការវិញ ទីក្រុងប៉េកាំង ឈរនៅខាងលោក ម៉ាឌូរ៉ូ ដោយសារតែជឿជាក់ថា ទីក្រុងការ៉ាកាស់ អាចជួយខ្លួនក្នុងការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងនយោបាយជាមួយសហរដ្ឋអាមេរិក នៅក្នុងតំបន់អាមេរិកឡាទីន។

លើសពីនេះទៅទៀត ចិនមិនទុកចិត្តមេបក្សប្រឆាំង លោក Juan Guaido ដែលមានទំនាក់ទំនងជិតស្និទនឹងទីក្រុងវ៉ាស៊ីនតោនឡើយ ហើយរឹតតែសំខាន់គឺទីក្រុងប៉េកាំង ខ្លាចរដ្ឋាភិបាល របស់លោក Guaido មិនសងបំណុលដែលជំពាក់រាប់ពាន់លានដុល្លារឱ្យខ្លួនវិញ ក្រោយពេល ដែលមេបក្សប្រឆាំងរូបនេះដណ្ដើមអំណាចពីលោក ម៉ាឌូរ៉ូ។

គួរបញ្ជាក់ថា លោក Juan Guaido ធ្លាប់បានសន្យាថា នឹងការពារផលប្រយោជន៍របស់ចិន ក៏ដូចជាផ្ដល់ឱ្យចិន នូវសម្បទានផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសវេណេស៊ុយអេឡាល្អជាងរដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ ទៅទៀត បើសិនជាទីក្រុងប៉េកាំងឈប់គាំទ្រលោក ម៉ាឌូរ៉ូ៕