(នេប៉ាល់)៖ ចំនួនមនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់ និងរអិលបាក់ដី នៅក្នុងប្រទេស នេប៉ាល់ ដែលបង្កឡើងដោយភ្លៀងមូសុង បានផ្ដាច់ជីវិតមនុស្សកើនដល់ ៥៥នាក់ហើយ និងមនុស្សរាប់សិបនាក់ នៅបន្តបាត់ខ្លួននៅឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៩។

ក្រុមមន្ត្រីនេប៉ាល់ បានឱ្យដឹងថា គ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដីដែលបង្កឡើង ដោយភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីថ្ងៃព្រហស្បតិ៍ រហូតមកដល់ថ្ងៃអាទិត្យម្សិលមិញ ក៏បានធ្វើឱ្យមនុស្ស៣៣នាក់ រងរបួស និង៣០នាក់ទៀតបាត់ខ្លួនផងដែរ។ ចំណែកឯ ក្រុមអ្នកជួយសង្រ្គោះនៅតែបន្តការផ្ដល់ជំនួយដល់ប្រជាជន រងផលប៉ះពាល់រាប់ពាន់នាក់ ដែលកំពុងស្នាក់នៅតាមជម្រកបណ្ដោះអាសន្ន។

គួរជម្រាបថា រដូវភ្លៀងមូសុងប្រចាំឆ្នាំ នៅក្នុងប្រទេសនេប៉ាល់ ចាប់ផ្ដើមពីខែមិថុនា រហូតដល់ ខែកញ្ញា ហើយជារឿយៗ គ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី តែងតែកើត ឡើងនៅក្នុងរដូវនេះ។

ដោយឡែក ក្រៅតែពីនេប៉ាល់ បង់ក្លាដែស និងឥណ្ឌា ក៏កំពុងរងផលប៉ះពាល់ពីរដូវភ្លៀង មូសុងនេះដែរ ដោយនៅរដ្ឋ Assam នៃភាគឦសានប្រទេសឥណ្ឌា មានមនុស្ស១.៥ លាននាក់ ត្រូវជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព និង១០នាក់បានស្លាប់ ខណៈមនុស្ស ជាង ៥០០,០០០នាក់ ត្រូវបានជម្លៀស និងយ៉ាងហោចណាស់ ១០នាក់បានស្លាប់ រីឯ ភូមិចំនួន២០០ ត្រូវជន់លិចនៅក្នុងប្រទេសបង់ក្លាដែស៕