(ញូដេលី)៖ ឥណ្ឌាកំពុងធ្វើការត្រៀមរៀបចំចុងក្រោយសម្រាប់ ការបង្ហោះយានអវកាសជាលើកទីពីរ ឆ្ពោះទៅកាន់ឋានព្រះច័ន្ទ ដែលនឹងប្រព្រឹត្តទៅនាវេលាម៉ោងជិត៣ទាបភ្លឺថ្ងៃចន្ទស្អែកនេះ។ ឥណ្ឌានឹងប្រើគ្រាប់រ៉ុក្កែតខ្លាំងបំផុតរបស់ខ្លួនហៅថា GLSV Mark III។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space នៅរសៀលថ្ងៃអាទិត្យ ទី១៤​ ខែកក្កដា ឆ្នាំ២០១៩។

ចំណុចពិសេសនៃបេសកកម្មខាងលើ ដែលមានឈ្មោះ Chandrayaan-2 គឺវាខុសពីបេសកកម្មឆ្ពោះទៅឋានព្រះច័ន្ទលើកទីមួយ (Chandrayaan-1) ត្រង់ថា ក្រៅពីគោចរជុំវិញព្រះច័ន្ទ ឥណ្ឌានឹងបញ្ជូនយានឲ្យចុះទៅជាន់ដល់លើផ្ទៃព្រះច័ន្ទផ្ទាល់តែម្តង ខណៈមហិច្ឆតានេះ កន្លងមកមានតែបីប្រទេសប៉ុណ្ណោះនៅលើពិភពលោក ដែលសម្រេចបានដោយជោគជ័យ គឺអាមេរិក រុស្ស៊ី និងចិន។

បេសកកម្ម Chandrayaan-2 មានតម្លៃសរុប១៤០លានដុល្លារ ហើយក្នុងនោះរួមមានយានប្រភេទ Orbiter ដែលដើរតួនាទីជាផ្កាយរណប ព្រមទាំងយានប្រភេទសម្រាប់ចុះចតឈ្មោះ Vikram និងមួយទៀតឈ្មោះ Pragyan ដែលជាយានប្រភេទរុករកអាចចល័តបាន។ យាន Vikram ដែលផ្ទុកយាន Pragyan ក្នុងខ្លួនវា ត្រូវគេរំពឹងថា នឹងផ្តាច់ខ្លួនចេញពី Orbiter ហើយធ្វើដំណើរទៅចុះចតនៅតំបន់ប៉ូលខាងត្បូងរបស់ព្រះច័ន្ទ ដែលជាកន្លែងមិនទាន់មានយានណាចុះទៅដល់ឡើយ នៅថ្ងៃទី០៦ ខែកញ្ញាខាងមុខ។

គួរជម្រាបថា កាលពីខែមេសាកន្លងទៅ អ៊ីស្រាអែលក៏បានព្យាយាមបញ្ជូនយានអវកាសមួយគ្រឿងរបស់ខ្លួន ឲ្យចុះនៅលើផ្ទៃព្រះច័ន្ទផងដែរ ប៉ុន្តែកិច្ចប្រឹងប្រែងនេះបានទទួលបរាជ័យ ដោយវាបានរលត់ម៉ាស៊ីនកំឡុងពេលដ៏សំខាន់នោះ ហើយបណ្តាលឲ្យធ្លាក់ខ្ទេចនៅលើផ្ទៃព្រះច័ន្ទ ខណៈអ៊ីស្រាអែលក៏បានអះអាងដែរថា នឹងលែងប៉ុនប៉ងធ្វើបែបនេះទៀតហើយ៕