(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron នាថ្ងៃសៅរ៍សប្តាហ៍នេះ បាននិយាយថា លោកបានអនុញ្ញាតឲ្យបង្កើត អង្គភាពយោធាមួយចំណុះឲ្យកងទ័ពអាកាសប្រទេសបារាំង ដែលនឹងទទួលបន្ទុកកិច្ចការពាក់ព័ន្ធជាមួយទីអវកាស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០១៩។

ក្នុងឱកាសនៃការប្រារព្ធពិធីព្យុះហយាត្រាយោធានៃទិវា Bastille Day ក្នុងទីក្រុងប៉ារីស លោក Macron បានប្រកាសថា អង្គភាពអវកាសមួយ នឹងត្រូវបង្កើតឡើងនាខែកញ្ញា ឆ្នាំ២០២០ នៅក្នុងកងទ័ពជើងអាកាសបារាំង ខណៈការសម្រេចលើទំហំនៃការចំណាយសម្រាប់គោលដៅនេះ នឹងត្រូវធ្វើឡើងក្នុងពេលខាងមុខ។

ទន្ទឹមគ្នានេះ ក៏កំពុងមានក្តីព្រួយបារម្ភអំពីការរត់ប្រណាំងសព្វាវុធគ្នានៅទីអវកាសផងដែរ ចាប់តាំងតែពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចកាលពីឆ្នាំមុនថា​ នឹងបង្កើតកងទ័ពអវកាសឲ្យបាននៅឆ្នាំ២០២០ ដែលវាគឺជាកងកម្លាំងយោធាថ្មី នៅក្នុងជួរយោធាអាមេរិក។

គួរជម្រាបថា សន្ធិសញ្ញា Outer Space Treaty កាលពីឆ្នាំ១៩៦៧ ដែលទទួលស្គាល់ដោយប្រទេសជាង១០០លើពិភពលោក ហាមការពង្រាយសព្វាវុធមហាប្រល័យ នៅក្នុងទីអវកាស រួមជាមួយសកម្មភាពយោធាផ្សេងៗទៀត៕

Advertising