បំផ្ទុះគ្រាប់បែកអត្តឃាតនៅសូម៉ាលី «ផ្តាច់ជីវិតមនុស្សចំរុះជាតិសាសន៍២៦នាក់ និងរបួស៥៦នាក់» (Photo inside)
13-07-2019 18:20
(ម៉ូហ្គាឌីស៊ូ)៖ យ៉ាងហោចណាស់មនុស្ស ២៦នាក់បាត់បង់ជីវិត និង៥៦នាក់ទៀតរងរបួសនៅក្នុងករណីបំផ្ទុះគ្រាប់បែកយ៉ាងកក្រើក នៅក្នុងសណ្ឋាគារមួយកន្លែងនៃទីក្រុងកំពង់ផែ គីសម៉ាយ៉ូ (Kismayo) ភាគខាងត្បូងប្រទេសសូម៉ាលី កាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងនៅរដ្ឋធានីម៉ូហ្គាឌីស៊ូ)។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួ នាល្ងាចថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៩។
មន្ត្រីសូម៉ាលីបានអះអាងថា មនុស្សក្នុងចំណោមមនុស្សទាំង ២៦នាក់ដែលបានស្លាប់នោះ ១០នាក់គឺជាជនបរទេសមកពី កេនយ៉ា, កាណាដា, អាមេរិក, អង់គ្លេស និងតង់ហ្សានីផងដែរ។ សណ្ឋាគារដែលទទួលរងការបំផ្ទុះគ្រាប់បែកខាងលើនេះ គឺមានឈ្មោះថា មេឌីណា (Medina Hotel) ស្ថិតនៅតំបន់ទេសចរណ៍ដ៏ពេញនិយមមួយសម្រាប់ប្រទេស ដែលកំពុងស្ថិតក្នុងភាពអសន្តិសុខបំផុតក្នុងលោកនេះ។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរសូម៉ាលី ក្រុមបំផ្ទុះគ្រាប់បែកអត្តឃាតមានគ្នាសរុប ០៤នាក់ បានសម្រុកចូលទៅក្នុងសណ្ឋាគារខាងលើនេះ ដោយសារតែពួកគេដឹងថា ជាកន្លែងដែលមានជនបរទេស និងមន្ត្រីរដ្ឋាភិបាលសូម៉ាលីផងដែរស្នាក់នៅ។ ដោយឡែកក្រុមដែលស្ថិតនៅពីក្រោយរឿងនេះត្រូវបានគេជឿជាក់ថា ជាពួកសកម្មប្រយុទ្ធ អាល់សាបាប់ (al-Shabab) ដែលតែងតែបង្ករឿងនៅសូម៉ាលីមិនចេះឈប់ឈរ៕