(ប៉េកាំង)៖ ទីក្រុងឆ្នេរសមុទ្រឈិនហ័ងតាវ (Qinhuangdao) ដែលស្ថិតនៅខេត្តហេបៃ (Hebei) នៃតំបន់ឆ្នេរសមុទ្រភាគឦសានប្រទេសចិន បានដាក់បទបញ្ជាហាមប្រាម ការជក់បារីនៅក្នុងទីសាធារណទាំងអស់ គិតចាប់ពីថ្ងៃទី០១ ខែសីហា ខាងមុខនេះតទៅ។ នេះបើយោងតាមរយៈការចុះផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហ៊ួ នារសៀលថ្ងៃចន្ទ ទី០៨ ខែកក្តដា ឆ្នាំ២០១៩នេះ។

បទបញ្ញតិនេះក៏បានហាមឃាត់ការជក់បារីនៅតាមទីកន្លែងខាងក្រៅចំនួន១១ប្រភេទផងដែរ ដែលរួមបញ្ចូលទាំងទីកន្លែងគោលដៅទេសចរណ៍នានា និងតំបន់ឆ្នេរសមុទ្រ។ ចំណែកឯ បារីអេឡិចត្រូនិច ក៏ត្រូវបានហាមឃាត់ដូចគ្នាដែរ។ បម្រាមដដែលបានចែងទៀតថា អ្នកជក់បារីដែលមិនគោរពតាមបទបញ្ញតិ នឹងត្រូវរងការផាកពិន័យជាប្រាក់រហូតដល់២០០យ័ន ដែលមានតម្លៃប្រហែល ២៩ដុល្លារសហរដ្ឋអាមេរិក។ ចំណែកឯម្ចាស់ទីកន្លែង នឹងត្រូវផាកពិន័យជាប្រាក់រហូតដល់១,០០០យ័ន។

គួរជម្រាបថា ប្រទេសចិនបានដាក់គោលដៅ ក្នុងការកាត់បន្ថយអត្រាអ្នកជក់បារីឲ្យបាន២០% ក្នុងចំណោមមនុស្សដែលមានអាយុពី១៥ឆ្នាំឡើងទៅ នៅត្រឹមឆ្នាំ២០៣០ខាងមុខ។ នេះបើយោងតាមផែនការប្រទេសចិន ដើម្បីប្រជាជនមានសុខភាពល្អឆ្នាំ២០៣០ ដែលបានចេញផ្សាយកាលពីឆ្នាំ២០១៦៕