(កាប៊ុល)៖ អាជ្ញាធរអាហ្វហ្គានីស្ថាន នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថាកងកម្លាំងសន្តិសុខ៨នាក់ និងជនស៊ីវិល៤នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បង្កៃក្នុងរថយន្ដមួយគ្រឿង នៅខេត្ត Ghazni។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៧ ខែកក្កដា ឆ្នាំ២០១៩។

ភ្លាមៗ ក្រុមតាលីបង់បានចេញមុខអះអាងថាខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារនេះ ដែលកើត ឡើងនៅចំពេលសហរដ្ឋអាមេរិក និងក្រុមតាលីបង់ កំពុងស្វែងរកកិច្ចចរចាសន្តិភាពបញ្ចប់ជម្លោះ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ចំណែកឯ អាជ្ញាធរនៅក្នុងខេត្ត Ghazni ក៏បានទទួលស្គាល់ថា កងកម្លាំងសន្តិសុខរបស់ខ្លួន៨នាក់ និងជនស៊ីវិល៤នាក់ បានស្លាប់ ព្រមទាំងមនុស្ស៥០នាក់ រងរបួសផងដែរ។

គួរជម្រាបថា ការវាយប្រហារបំផ្ទុះគ្រាប់បែកខាងលើ កើតឡើងនៅបរិវេណនាយកដ្ឋានសន្តិសុខ ជាតិ (NDS) នៅក្នុងខេត្ត Ghazni។ ប៉ុន្តែមិនទាន់មានការបញ្ជាក់ណាមួយថាវាគឺជាការវាយប្រហារ បំផ្ទុះគ្រាប់អត្តឃាត ឬយ៉ាងណានោះទេ៕