(ម៉ូស្គូ)៖ ស្ដ្រីម្នាក់បានស្លាប់បាត់បង់ជីវិតក្នុងឧបទ្ទវហេតុធ្លាក់ពីលើអគារ នៅពេលកំពុងរួមរ័ក្សស្នេហា ខណៈបុរសជាដៃគូមិនទាន់ដឹងស្ថិតនៅទីណានោះឡើយ ប៉ុន្តែត្រូវបានគេជឿជាក់ថា ទំនងអាចនៅរស់ និងបានភៀសខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាល្ងាចថ្ងៃសៅរ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៩នេះ។

បណ្តាញសារព័ត៌រុស្ស៊ីបានរបាយការណ៍ថា គូស្នេហ៍មួយគូបានធ្លាក់ពីលើអាគារជាក់ទី ៩ ខណៈពេលដែលពួកគេកំពុងតែរួមមេត្រីនៅលើមាត់បង្អួចមួយ នៅអគារស្នាក់នៅមួយកន្លែងក្នុងទីក្រុង សង់ភីតធើស៍ប៊ឺក (St. Petersburg) ប្រទេសរុស្ស៊ី កាលពីថ្ងៃសុក្រកន្លងទៅនេះ។

អ្នកជិតខាងម្នាក់ដែលបានឃើញសកម្មភាពខាងលើនេះដោយផ្ទាល់ភ្នែក បានរៀបរាប់ប្រាប់ប៉ូលិសថា កាលពីយប់ថ្ងៃសុក្រនាងបានឃើញ ទូរទស្សន៍មួយគ្រឿងហោះចេញតាមមាត់បង្អួចធ្លាក់ចុះមកដី ហើយបន្ទាប់មកទៀតបុរសម្នាក់ និងស្ត្រីម្នាក់ក៏បានធ្លាក់មកព្រមជាមួយគ្នា តាមមាត់បង្អួចដដែល។ ភ្លាមៗនោះ នាងក៏បានទូរស័ព្ទខលទៅប្រាប់ប៉ូលីស អំពីហេតុការណ៍នោះតែម្តង។

គួរបញ្ជក់ថា នៅពេលមន្រ្តីប៉ូលិសបានទៅដល់កន្លែងកើតហេតុ ពួកគេបានប្រទះឃើញសាកសពស្ត្រីម្នាក់ ដេកស្លាប់នៅលើចិញ្ចើមផ្លូវនៅជាប់នឹងទូរទស្សន៌ និងកៅអីដែលបានបាក់បែក។ ស្ត្រីជាជនរងគ្រោះត្រូវបានគេប៉ាន់ប្រមាណថា ប្រហែលជាមានអាយុចន្លោះពី ២៥-៣០ឆ្នាំប៉ុណ្ណោះ។ ចំណែកឯដៃគូរបស់នាងវិញ គេមិនប្រទះឃើញនៅកន្លែងកើតហេតុទេ ដូច្នេះទើបមន្ត្រីប៉ូលិសបានសន្មត់ថា បុរសម្នាក់នោះប្រហែលគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ ហើយក៏បានភៀសខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ។

លទ្ធផលបឋមនៃការស៊ើបអង្កេតបានបង្ហាញថា ជនរងគ្រោះកាលពីយប់ថ្ងៃសុក្រទី០៥នេះ បានចូលរួមពិធីជប់លៀងផឹកស៊ីជាមួយបុរស ០៤នាក់នៅលើអាគារជាន់ទី៩។ ក្រោយពីរីករាយ នឹងពិធីរួច នៅពេលយប់នាង និងបុរសម្នាក់ក៏ចាប់ផ្តើមរួមភេទលើមាត់បង្អួច ហើយដោយសារតែធ្វេសប្រហែស ទើបធ្លាក់ទាំងពីរនាក់ចុះមកពីលើអគារតែម្តង៕