(ហូឡង់)៖ ទីបំផុតតារាវិទូជនជាតិហូឡង់មួយរូប បានផ្តិតរូបភាពនៃយន្តហោះយោធា-អវកាស ដ៏សម្ងាត់បំផុតរបស់សហរដ្ឋអាមេរិក Boeing X-37B បានសម្រេច ដោយរូបលោកបានចំណាយពេល រហូតដល់ទៅ ១ខែឯណោះ ដើម្បីតែតាមប្រមាញ់យន្តហោះ ដែលស្ថិតក្នុងគម្រោងអវកាសសម្ងាត់ របស់សហរដ្ឋអាមេរិកមួយនេះ។ នេះបើតាមការចេញផ្សាយដោយ Sputnik នារសៀលថ្ងៃសៅរ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៩។

តារាវិទូហូឡង់ខាងលើនេះមានឈ្មោះ រ៉ាហ្វ វាន់ឌែប៊ឺក (Ralf Vandebergh) គឺជាតារាវិទូឯករាជ្យ មួយរូប ដែលតែងតែប្រើប្រាស់ជំនាញរបស់ខ្លួន នៅក្នុងការប្រមាញ់វត្ថុអវកាសដូចជាផ្កាយរណប តារា និងភពនានាផងដែរ ប៉ុន្តែសម្រាប់ការចាប់រូបភាពយន្តហោះសម្ងាត់អាមេរិក X-37B លោកបានប្រើប្រាស់ពេលរហូតដល់ទៅ ១ខែពេញ។

លោក Vandebergh បានគូសបញ្ជាក់ថា លោកបានអង្កេតឃើញយន្តហោះនោះកាលពីខែឧសភា ហើយរហូតដល់ពាក់កណ្តាលខែមិថុនា ទើបលោកអាចចាប់រូបភាពយន្តហោះសម្ងាត់នេះបាន។ តារាវិទូរូបនេះក៏បានបញ្ជាក់ដែរថា យន្តហោះ Boeing X-37B ហាក់ដូចជាបានព្យាយាមគេច ចេញពីការប្រមាញ់របស់លោកដូច្នោះឯង។ បន្ថែមពីនេះលោកក៏បានថតរូបភាព យន្តហោះនោះថែមទៀតដែរនៅថ្ងៃទី៣០ ខែមិថុនា និងម្តងទៀតនៅថ្ងៃទី០២ ខែកក្កដា។

គួរបញ្ជាក់ថា ព័ត៌មានលម្អិតអំពីគម្រោងនៃយន្តហោះអវកាស Boeing X-37B មិនមានការបញ្ជាក់ឲ្យបានច្បាស់លាស់នោះឡើយ ប៉ុន្តែអ្នកតាមដានខ្លះបានអះអាងថា វាទំនងជាពាក់ព័ន្ធនឹងគំរោងបង្កើតកងទ័ពអវកាស ដ៏ចម្រូងចម្រាស់របស់លោក ដូណាល់ ត្រាំ៕