(បរទេស)៖ ខណៈចិន និងអាមេរិកបានបន្ទន់ឥរិយាបថដាក់គ្នាជុំវិញសង្រ្គាមពាណិជ្ជកម្ម ឥឡូវនេះដល់វេនកូរ៉េខាងត្បូង និងជប៉ុនវិញម្តង ដោយប្រទេសមានបច្ចេកវិទ្យារីកចំរើនបំផុត ប្រចាំតំបន់អាស៊ីទាំងពីរនេះ កំពុងតែមានបញ្ហាពាណិជ្ជកម្មជាមួយគ្នា ខណៈក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Apple, Huawei, Samsung, និង LG ជាដើម ត្រូវប្រឈមនឹងការក្លាយជាអ្នករងគ្រោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយបច្ចេកវិទ្យា Phone Arena នារសៀលថ្ងៃសៅរ៍ ទី០៦ ខែកក្កថា ឆ្នាំ២០១៩។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋាភិបាលទីក្រុងតូក្យូ បានចាប់ផ្តើមការដាក់កំហិតលើការនាំចេញវត្ថុធាតុដើមដ៏សំខាន់ចំនួន ៣មុខទៅកាន់កូរ៉េខាងត្បូង។ វត្ថុធាតុដើមទាំងនោះមានសារៈសំខាន់ជាខ្លាំង ក្នុងការផលិតផ្ទាំងអេក្រង់ (Screen) របស់ស្មាតហ្វូន និងក្នុងការផលិតបន្ទះឈីបដូចជា memory chip ជាដើមនៅប្រទេសកូរ៉េខាងត្បូង ហើយក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូងដូចជា Samsung និង LG សុទ្ធតែមានតម្រូវការធំខាងផ្នែកទាំងនេះ។

ប្រទេសជប៉ុនរ៉ាប់រងបន្ទុកប្រមាណពី ៧០-៩០ភាគរយ នៃការផ្គត់ផ្គង់វត្ថុធាតុដើមសំខាន់ៗទាំងបីមុខ នៅលើពិភពលោក។ វត្ថុធាតុដើមទាំងនោះ គឺពិតជាសំខាន់ខ្លាំងណាស់ ក្នុងការលាយផ្សំដើម្បីផលិតចេញទៅជាអេក្រង់ OLED ដែលមានគុណភាពខ្ពស់បំផុត ហើយគួបផ្សំជាមួយបច្ចេកវិទ្យារបស់ក្រុមហ៊ុន Samsung វាបានធ្វើឲ្យបន្ទះអេក្រង់ក្រុមហ៊ុនយក្សកូរ៉េខាងត្បូងមួយនេះ ឈរនៅលំដាប់លេខ១។

ក្រោមការដាក់កំហិតការនាំចេញវត្ថុធាតុខាងលើទៅកាន់កូរ៉េខាងត្បូង ត្រូវតែមានការសុំអនុញ្ញាតពីរដ្ឋាភិបាលជប៉ុន ដែលអាចប្រើពេលរហូតដល់ ៩០ថ្ងៃ សម្រាប់សំណើនីមួយៗ។ ប្រការនេះអាចឲ្យល្បឿននៃការផលិតផ្ទាំងអេក្រង់ OLED របស់ Samsung និង LG សម្រាប់ស្មាតហ្វូន iPhone របស់ Apple និងអតិថិជនដទៃទៀតថយចុះខ្លាំង ហើយមិនតែប៉ុណ្ណោះ វាអាចជះផលអវិជ្ជមានដល់ការផលិតផ្ទាំងអេក្រង់ និងគ្រឿងបន្លាស់ផ្សេងៗរបស់ Samsung និង LG សម្រាប់ផលិតផលរបស់ពួកគេផ្ទាល់ថែមទៀតផង។

ចំណាត់ការដាក់កំហិតនាំចេញវត្ថុធាតុដើម ផ្នែកបច្ចេកវិទ្យារបស់ជប៉ុនទៅកាន់កូរ៉េខាងត្បូង គឺបានកើតចេញមកពីសេចក្តីសម្រេចរបស់តុលាការកំពូលកូរ៉េខាងត្បូង កាលពីឆ្នាំមុន ជុំវិញរឿងការធ្វើពលកម្មដោយបង្ខិតបង្ខំ ទៅលើប្រជាជនកូរ៉េខាងត្បូង កាលពីសម័យអាណានិគមជប៉ុន។ តុលាការកូរ៉េខាងត្បូង បានកាត់សេចក្តីឲ្យជប៉ុនផ្តល់សំណងដល់ពលរដ្ឋកូរ៉េខាងត្បូង ដែលត្រូវបានបង្ខំឲ្យធ្វើការឲ្យក្រុមហ៊ុនដែកថែបជប៉ុន Nippon Steel អំឡុងសម័យសង្រ្គាមលោកលើកទីពីរ ខណៈទីក្រុងតូក្យូមិនទទួលស្គាល់ការសម្រេចនេះឡើយ។

គួរជម្រាបថា ទោះបីជាស្ថានការណ៍ហាក់មើលទៅមានភាពផុយស្រួយខ្លាំង ក៏អ្នកវិភាគមួយចំនួននៅតែជឿជាក់ថា ប្រទេសជប៉ុន និងកូរ៉េខាងត្បូងទំនងជានឹងអាចរកផ្លូវចេញ នៅក្នុងពេលឆាប់ៗខាងមុខនេះ ព្រោះវាមិនសូវមានភាពខុសគ្នាទៅនឹងទំនាស់រវាង Huawei និងសហរដ្ឋអាមេរិកនោះឡើយ ដោយវានឹងបង្កឲ្យខាតបង់ដល់ប្រទេសទាំងសងខាង និងថែមទាំងបង្កអស្ថិរភាពដល់ទីផ្សារបច្ចេកវិទ្យាជាសកលទៀតផង៕