(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ នាថ្ងៃសុក្រសប្តាហ៍នេះ ត្រូវនឹងបុណ្យឯករាជ្យជាតិរបស់​ប្រទេសវេណេស៊ុយអេឡា បានសម្តែងការគាំទ្រឲ្យបន្តកិច្ចចរចាជាមួយមេបក្សប្រឆាំង លោក Juan Guaido ដើម្បីស្រោចស្រង់​​ប្រទេសអាមេរិកឡាទីនមួយនេះ ចេញពីរណ្តៅនៃវិបត្តិនយោបាយដែលបានផ្ទុះឡើងកាលពីដើមឆ្នាំ។ នេះបើតាមការដកស្រង់​ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៩។

លោក នីកូឡាស់ ម៉ាឌូរ៉ូ បានគូសបញ្ជាក់ជាដដែលនូវការគាំទ្ររបស់លោក ចំពោះដំណើរការនៃកិច្ចចរចាដោយសន្តិវិធី ក្រោម​ការសម្របសម្រួលពីប្រទេសន័រវែស រវាងរដ្ឋាភិបាលវេណេស៊ុយអេឡា និងក្រុមបក្សប្រឆាំងរបស់លោក Juan Guaido ដែល​​ពុំព្រមទទួលស្គាល់ការបន្តជាប់ឆ្នោតរបស់លោក កាលពីឆ្នាំ២០១៨។ លោក ម៉ាឌូរ៉ូ បានបន្ថែមថា «វេណេស៊ុយអេឡាគឺសម្រាប់​យើងទាំងអស់ ហើយពួកយើងត្រូវតែលះបង់ចោលអ្វីម៉្យាង ដើម្បីឲ្យសម្រេចបាននូវកិច្ចព្រមព្រៀង»

យ៉ាងណាមិញ ក្នុងថ្ងៃបុណ្យឯករាជ្យជាតិវេណេស៊ុយអេឡាដដែលនេះ លោក Guaido បានប្រកូកប្រកាសឲ្យអ្នកគាំទ្រលោក នាំគ្នាដង្ហែរក្បួនតវ៉ាទៅកាន់ទីស្នាក់ការរបស់អង្គភាពការពារកាណ៍សម្ងាត់យោធារបស់វេណេស៊ុយអេឡា ហៅកាត់ថា DGCIM ជាទីដែលមន្រ្តីយោធាជើងទឹកវេណេស៊ុយអេឡាម្នាក់ឈ្មោះ Rafael Acosta បានស្លាប់កាលពីខែមុន ក្រោយមានការអះអាងថា ​​លោកត្រូវបានគេធ្វើទារុណកម្ម កំឡុងពេលជាប់ឃុំឃាំង។ ដោយសារតែហេតុផលនេះ គម្រោងកិច្ចចរចាជុំថ្មី ក្រោមការសម្រប​សម្រួលរបស់ន័រវែស ដែលនឹងត្រូវរៀបចំឡើងនៅសប្តាហ៍នេះ ក៏ត្រូវបានលុបចោលទៅវិញ។

គួរជម្រាបថា ប្រទេសវេណេស៊ុយអេឡា បានធ្លាក់ក្នុងវិបត្តិនយោបាយដ៏ជ្រៅមួយ កាលពីខែមករា ដើមឆ្នាំនេះ នៅពេលលោក Guaido បានលើកខ្លួនឯកជាប្រធានាធិបតីស្តីទី និងទទួលបានការគាំទ្រពីទីក្រុងវ៉ាស៊ីនតោន ព្រមទាំងប្រទេសជាច្រើនទៀត ទាំងនៅតំបន់អាមេរិកខាងត្បូងផ្ទាល់ ​ដែលដើរតាមរបត់នយោបាយរបស់សហរដ្ឋអាមេរិក។ យ៉ាងណាមិញ មកទល់ពេលនេះ​ វេណេស៊ុយអេឡា នៅតែបន្តស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល លោក ម៉ាឌូរ៉ូ ដដែល ទោះស្ថានការណ៍ដ៏តានតឹងមួយ​ចំនួនបានកើតឡើងក៏ដោយ។ ម៉្យាងវិញទៀត ស្ថានភាពនៅវេណេស៊ុយអេឡា ក៏ហាក់មានសភាពស្ងប់ស្ងាត់ជាងមុនដែរ ខណៈ​កន្លងទៅនេះ រដ្ឋាភិបាលលោក ម៉ាឌូរ៉ូ និងក្រុមប្រឆាំងបានជួបចរចាគ្នាជាច្រើនលើកដែរមកហើយ នៅន័រវែស ទោះមិនទាន់សម្រេច​បានកិច្ចព្រមព្រៀងអ្វីនៅឡើយក្តី៕