(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃសុក្រសប្តាហ៍នេះ បានបង្ហោះសាររំលែកទុក្ខមរណភាពរបស់ មហាសេដ្ឋីវិស័យធ្យូងថ្មអាមេរិកដ៏ល្បីឈ្មោះម្នាក់ គឺលោក Christopher Cline ដែលបានបាត់បង់ជីវិត ក្នុងករណីធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃ ព្រហស្បតិ៍ នៅប្រទេសប្រជុំកោះ Bahamas ដែលស្ថិតក្នុងតំបន់ការីបៀន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌ មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ បានស្ងើចសរសើរលោក Cline ថាជាអ្នកជំនួញដ៏អស្ចារ្យ និងជាអ្នកជំនាញវិស័យថាមពលប្រកបដោយ សមត្ថភាពម្នាក់។ ករណីធ្លាក់ឧទ្ធម្ភាគចក្រនៅប្រទេស Bahamas កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានផ្តាច់ជីវិតលោក Cline ព្រមទាំងមនុស្ស០៦នាក់ទៀត ក្នុងនោះរួមមានកូនស្រីរបស់លោកឈ្មោះ Kameron ផងដែរ។ លោក ត្រាំ បានសម្តែងការសោក ស្តាយជាខ្លាំងចំពោះសោកនាដកម្មនេះ។

គួរជម្រាបថា បើតាមទស្សនាវដ្តី Forbes លោក Cline បានចាប់ផ្តើមធ្វើការក្នុងអណ្តូងរ៉ែធ្យូងថ្ម តាំងពីអាយុ១៥ឆ្នាំ ហើយលោក បានបោះបង់ចោលការសិក្សានៅសាកលវិទ្យាល័យ នៅអាយុ២២ឆ្នាំ ដើម្បីចូលប្រឡូកក្នុងឧស្សាហកម្មធ្យូងថ្មពេញទំហឹងតែម្តង ។ ជាមួយគ្នានេះ សារព័ត៌មានអាមេរិក Bloomberg ក៏ធ្លាប់ដាក់រហស្សនាម លោក Cline ថា «ស្តេចធ្យូងថ្មថ្មី» ថែមទៀតផង៕